(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងក្នុងបទសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍ CNBC ថា ម៉ាឡេស៊ីអាចដាក់ពាក្យប្តឹងក្រុមហ៊ុន Goldman Sachs ជុំវិញតួនាទីរបស់ធនាគារវិនិយោគរបស់អាមេរិកមួយនេះនៅក្នុងរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1MDB។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Goldman បានដោះស្រាយបញ្ចប់បញ្ហាជាមួយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងឆ្នាំ២០២០ ដោយយល់ព្រមបង់សាច់ប្រាក់ចំនួន ២,៥ពាន់លានដុល្លារអាមេរិក និងធានាឱ្យមានការប្រគល់ទ្រព្យសកម្មតម្លៃ ១,៤ពាន់លានដុល្លារទៅឱ្យប្រទេសម៉ាឡេស៊ីវិញជាថ្នូរនឹងការទម្លាក់ការចោលបទចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹងធនាគារវិនិយោគនេះ។
ប៉ុន្តែលោក Anwar ដែលឡើងកាន់អំណាចនៅចុងឆ្នាំ២០២២ បាននិយាយនៅដើមឆ្នាំនេះថា ម៉ាឡេស៊ីបានកំពុងវាយតម្លៃឡើងវិញនូវកិច្ចព្រមព្រៀងដំណោះស្រាយនេះ ដោយសារទឹកប្រាក់សំណងមានបរិមាណតិចតួច។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Anwar ខណៈថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC នៅក្នុងបទសម្ភាសមួយដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំមិនមែនថាមិនអើពើនឹងលទ្ធភាពនៃការបន្តនីតិវិធីម្តងទៀតជាមួយបណ្តឹងនោះទេ»។
លោក Anwar បានបន្ថែមថា ម៉ាឡេស៊ីក៏កំពុងពិចារណាជម្រើសផ្សេងទៀត រួមទាំងការចរចាផងដែរ។
ក្រុមហ៊ុន Goldman មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។ ធនាគារវិនិយោគអាមេរិកមួយនេះតែងតែបដិសេធចំពោះការប្រព្រឹត្តខុសក្នុងសំណុំរឿងមូលនិធិ 1MDB នេះ។
អាជ្ញាធរម៉ាឡេស៊ី និងសហរដ្ឋអាមេរិកប៉ាន់ប្រមាណថា ទឹកប្រាក់ចំនួន ៤,៥ពាន់លានដុល្លារអាមេរិកត្រូវបានគេលួចចេញពីមូលនិធិ 1MDB ចន្លោះពីឆ្នាំ២០០៩ ដល់ ២០១៤ នៅក្នុងគ្រោងការណ៍ពុករលួយដ៏ធំមួយដែលជាប់ពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីធនាគារនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។
យោងតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក្រុមហ៊ុន Goldman បានជួយមូលនិធិ 1MDB ប្រមូលប្រាក់ចំនួន ៦,៥ពាន់លានដុល្លារអាមេរិកពីការលក់មូលបត្របំណុលចំនួនពីរ ហើយធនាគារវិនិយោគនេះទទួលបានប្រាក់កម្រៃសេវាចំនួន ៦០០លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕