(មូស្គូ)៖ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ ៣គ្រឿង ដែលព្យាយាមវាយប្រហារលើទីក្រុងមូស្គូ ដែលនេះជាការវាយឆ្មក់ លើកចុងក្រោយបំផុតមួយលើរដ្ឋធានីរបស់រុស្ស៉ីដោយយន្ដហោះដ្រូនដែលអាជ្ញាធរមូស្គូ ចោទថាជាស្នាដៃរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាយន្ដហោះដ្រូនមួយគ្រឿងត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់នៅក្បែរអគារមួយ ចំកណ្ដាលទីក្រុងមូស្គូ នៅព្រឹកថ្ងៃពុធនេះ។ ចំណែក យន្ដហោះដ្រូន ២គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅខាងក្រៅទីក្រុងមូស្គូ។ ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) ក៏បានបញ្ជាក់លើសារបង្ហោះលើ Telegram ដែរថាយន្តហោះដ្រូនមួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់បានធ្លាក់ចំអគារមួយកំពុងស្ថិត ក្រោមការសាងសង់ចំកណ្ដាលទីក្រុងមូស្គូ។ តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ៕