រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ។

លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់បែបនេះ «ក្នុងនាមជារដ្ឋមន្ត្រីបន្តវេន​មួយ​រូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង៧ឆ្នាំ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយ ចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ ចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា»

លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រី​រាជ​ការ​​ក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និង​អន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជា​ប្រយោជ​ន៍​​ដល់សាធារណជនជារួម។

ទន្ទឹមនឹងបង្ហាញការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរហើយ​នោះ លោក ប៉េង ពោធិ៍នា ក៏បានសូមព្រះបរមរាជានុញ្ញាត ថ្វាយអំណរព្រះមហា​ករុ​ណា​ទិគុណ ប្រកបដោយបីតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានតែងតាំងរូបលោក ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ប៉េង ពោធិ៍នា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ជូនចំពោះ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែល​បានផ្ដល់សេចក្ដីទុកចិត្តដល់រូបលោក ឱ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕