អ៊ុយក្រែនថាកប៉ាល់ដឹកទំនិញដំបូង បានចាកចេញពីកំពង់ផែសមុទ្រខ្មៅតាមច្រករបៀងថ្មី ចំពោះមុខការគំរាមវាយប្រហាររបស់រុស្ស៉ី


 (កៀវ)៖ នៅថ្ងៃពុធនេះ អ៊ុយក្រែនបាននិយាយថា កប៉ាល់ដឹកទំនិញដំបូងគេដែលត្រូវប្រើប្រាស់ ច្រករបៀងថ្មី បានចាកចេញកំពង់ផែនៅភាគខាងត្បូងប្រទេសរបស់ខ្លួនហើយ បើទោះបីជារុស្ស៉ី បានគំរាមថា កងទ័ពជើងទឹករបស់ខ្លួនអាចនឹងកំណត់គោលដៅវាយប្រហារលើកប៉ាល់ទាំងឡាយ ដែលចាកចេញពីអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

អ៊ុយក្រែនបានប្រកាសពីច្រករបៀងដែនសមុទ្រ សម្រាប់កប៉ាល់ដឹកជញ្ជូនស៉ីវិលកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៉ីបានដើរចេញពី​កិច្ចព្រមព្រៀងមួយ ដែលកន្លងមកបានអនុញ្ញាត ​នូវការដឹកជញ្ជូន ធញ្ញជាតិដោយសុវត្ថិភាពចេញពីកំពង់ផែអ៊ុយក្រែន ហើយបានគំរាមវាយប្រហារលើកប៉ាល់ដឹក ទំនិញនានា ដែលឆ្លងកាត់សមុទ្រខ្មៅ។ ទីក្រុងកៀវបានស្នើច្រករបៀងនោះ នៅក្នុងបណ្តឹងរបស់ខ្លួន ដែលបញ្ជូនទៅកាន់អង្គការនាវាចរណ៍ផ្លូវសមុទ្រអន្តរជាតិ (IMO)។

រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក អូឡិចសាន់ដឺ គូប្រាកូវ (Oleksandr Kubrakov) បាននិយាយថា កប៉ាល់ខាងលើ ដែលមានចុះបញ្ជីនៅ​ទីក្រុងហុងកុង កំពុងធ្វើដំណើរតាមច្រករបៀង បណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងសម្រាប់ឱ្យកប៉ាល់ដឹកជញ្ជូនស៉ីវិលធ្វើដំណើរទៅ ​និងមក កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។ កប៉ាល់នោះបានចាកចេញពីកំពង់ផែនៅទីក្រុង Odesa បន្ទាប់ពីវាបានជាប់នៅទីនោះ តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺមួយថ្ងៃមុនការឈ្លានពានរបស់​រុស្ស៉ី។

បើតាមលោក គូប្រាកូវ ច្រករបៀងមនុស្សធម៌ខាងលើ នឹងត្រូវប្រើប្រាស់ជាចម្បង សម្រាប់ការ ជម្លៀសកប៉ាល់ដែលជាប់នៅកំពង់ផែរបស់​អ៊ុយក្រែន ដូចជា Chornomorsk, Odesa និង Pivdenny នៅពេលរុស្ស៉ីចាប់ផ្តើមសង្រ្គាមឈ្លានពានរបស់ខ្លួន។ អ៊ុយក្រែនបាន​អះអាងថា ខ្លួននឹង ផ្តល់តម្លាភាពយ៉ាងពេញលេញ ដើម្បីបង្ហាញឱ្យច្បាស់ថា កប៉ាល់ស៉ីវិលទាំងនោះ គឺមិនបម្រើគោល ដៅយោធាណាមួយ​ឡើយ៕