ចំនួនមនុស្សស្លាប់កើនដល់៣១នាក់ និង៨នាក់បន្តបាត់ខ្លួន ក្រោយការបាក់ដីនៅអណ្តូងរ៉ែថ្លើមថ្ម ក្នុងប្រទេសមីយ៉ាន់ម៉ា


(ណៃពិដោ)​៖ ក្រុមសង្រ្គោះបានឱ្យដឹងនៅថ្ងៃពុធនេះ តួលេខអ្នកស្លាប់ដោយសារហេតុការណ៍ បំណាក់ដី នៅឯអណ្តូងរ៉ែថ្លើមថ្មមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីពេល ថ្មីៗនេះ គឺបានកើនដល់យ៉ាងហោច៣១នាក់ហើយ ខណៈមនុស្ស៨នាក់ផ្សេងទៀត កំពុងបន្តបាត់ ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នៅជាយក្រុងហាកាន (Hpakant) នៃរដ្ឋខាជីន (Kachin) បន្ទាប់ពីតំបន់នោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងនិងគ្រោះ ទឺកជំនន់។ ក្រុមសង្រ្គោះបានប្រាប់ថា ពួកគេបានរកឃើញសាកសពមនុស្ស​ប៉ុន្មាននាក់ថែមទៀត កាលពីព្រឹកថ្ងៃពុធនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៣១នាក់ ហើយ៨នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន នៅឡើយមកទល់ពេលនេះ។ បើតាមក្រុមសង្រ្គោះ ពំនូកដីធំមួយកម្ពស់ប្រហែល១៥០-១៨០ម៉ែត្រ ដែលបន្សល់ទុកដោយប្រតិបត្តិ ការជីករុករបស់ក្រុមហ៊ុនឧស្សាហកម្មរ៉ែ បានជួបសភាព​ទ្រុធទ្រោម ដោយសារតែភ្លៀងធ្លាក់ខ្លាំងរួច ក៏បាក់ស្រុតតែម្តង។ តាមពិតទៅ រដូវភ្លៀងបានបង្ខំឱ្យប្រតិបត្តិការរុករករ៉ែត្រូវបានផ្អាក ប៉ុន្តែក្រុមអ្នក ដែលត្រូវបំណាក់ដីវាយប្រហារទាំងនោះ ហើយធ្លាក់ចូលទៅក្នុងបឹង គឺទំនងជាអ្នករស់នៅក្នុងតំបន់ ដែលព្យាយាមស្វែងរកវត្ថុមានតម្លៃនៅក្នុងពំនូកដី៕