(គូឡាឡាំពួ)៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋម៉ាឡេស៉ី Bernama បានរាយការណ៍ថា នាថ្ងៃអង្គារនេះ តុលាការបានសម្រេចបានលុបចោល នូវបទចោទប្រកាន់ទាំងប៉ុន្មាន ដែលពាក់ព័ន្ធនឹងការរំលោភអំណាច ប្រឆាំងលើលោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) ដែលជាមេដឹកនាំក្រុមប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។
លោក Muhyiddin ដែលធ្លាប់ដឹកនាំប្រទេសម៉ាឡេស៉ីបានរយៈពេល១៧ខែ នៅចន្លោះឆ្នាំ២០២០-២០២១ ត្រូវបានចោទប្រកាន់កាលពីខែមីនា ឆ្នាំនេះ ពីបទរំលោភអំណាចចំនួន៤ករណី។ យ៉ាងណាមិញ នាពេលនេះ តុលាការជាន់ខ្ពស់នៅទីក្រុងគូឡាឡាំពួ បានសម្រេចថា ការចោទប្រកាន់ទាំងនោះ គឺមិនមានមូលដ្ឋានរឹងមាំគ្រប់គ្រាន់ទេ។
ដោយឡែក អតីតនាយករដ្ឋមន្រ្តីវ័យ៧៦ឆ្នាំរូបនេះ ក៏នៅជាប់ការចោទប្រកាន់២ករណីផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ លោករងការចោទប្រកាន់ថា បានទទួលសំណូកជាប្រាក់ចំនួន២៣២.៥លានរីងហ្គីត ឬស្មើនឹង៥០.២៤លានដុល្លារ។ លោក Muhyiddin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្ត របស់តុលាការនាថ្ងៃនេះ ស្តែងឱ្យឃើញថាការចោទប្រកាន់នានាមកលើរូបលោក គឺគ្មានការពិតហើយលោកមិនបានប្រព្រឹត្តអំពើខុសច្បាប់ឡើយ៕