ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំរុស្ស៉ី ជួបសួរសុខទុក្ខអ្នកកាសែត WSJ ក្នុងពន្ធនាគារ

(មូស្គូ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៉ី លោកស្រី លីន ត្រេស៉ី (Lynne Tracy) បានជួបអ្នករាយការណ៍ព័ត៌មានរបស់កាសែត Wall Street Journal លោក អ៉ីវ៉ាន ជឺសកូវ៉ិក (Evan Gershkovich) ហើយ នៅឯពន្ធនាគារ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់លោកស្រី ត្រេស៉ី បានឲ្យដឹងថា លោក អ៉ីវ៉ាន បង្ហាញខ្លួនដោយមានសុខភាពល្អ និងមាំមួន ទោះបីជាកំពុងជាប់ឃុំ។ ទីក្រុងវ៉ាស៊ីនតោនរំពឹងថា ទីក្រុងមូស្គូ នឹងផ្តល់កិច្ចសហការសម្រាប់ស្ថានកុងស៊ុលបន្តទៀត។ ជាថ្មីម្តងទៀត សហរដ្ឋអាមេរិក អំពាវនាវឲ្យរុស្ស៉ីដោះលែងអ្នកកាសែត Wall Street Journal រូបនេះជាបន្ទាន់ ហើយដោះលែងថែមទៀតនូវពលរដ្ឋអាមេរិក លោក ផូល វ៉េលែន (Paul Whelan) ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់៕