លោកងិន ប៊ុនធឿន ជាប់សំឡេងគាំទ្រជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តថ្មី ដោយការសម្រេចចិត្ត និងការពេញចិត្ត ពីសំណាក់សមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក

កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំពិធីសន្និបាត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង និងលើកទិសដៅបន្ត ក្រោមអធិបតី លោក អនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិកម្ពុជា នៅថ្ងៃចន្ទ ១៣រោច ខែទុតិ យាសាឍ ឆ្នាំថោះ បញ្ញាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្ត។

លោក សុខ មុនី ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តកោះកុង បានឱ្យដឹងថា ក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តកោះកុង ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១០ មានសមាជិកចំនួន ៦៥ នាក់ ក្នុងគោល បំណងសំខាន់ ដើម្បីពង្រឹងការលើកកំពស់សុខមាលភាពជូនប្រជាពល រដ្ឋស្របតាមគោលនយោបាយជាតិ កាត់ បន្ថយបាតុភាពអវិជ្ជមានបណ្ដាលមកពី ការមិនគោរពឱ្យបានត្រឹមត្រូវនូវគោល ការណ៍ ក្រមសីលធម៌ វិជ្ជាជីវៈថែទាំ និងដើម្បីការពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈ ហើយកន្លងមកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានបំពេញតួនាទីភារៈកិច្ចបានយ៉ាងល្អ និងសម្រេបានលទ្ធផលបានយ៉ាងល្អប្រសើរផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលា នុបដ្ឋាកជាតិកម្ពុជា បានមានប្រសាសន៍លើឡើងថា ស្ថិតក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងដែលមានការយកចិត្តទុកដាក់ផ្ទាល់ពីសម្ដេច ទើបគណៈគីលានុបដ្ឋកម្ពុជាត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យលេខ ណសរកក ០៨ ០៧ ៣៧៣ ចុះថ្ងៃទី ១៧ ខែសីហា ២០០៧ ស្ដីពីការបង្កើតគណៈគិលានុបដ្ឋាកម្ពុជា និងព្រះរាជក្រម ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលដាក់ឲ្យប្រើប្រាស់នូវខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកអនុបណ្ឌិត អ៊ុន សាន មានប្រសាសន៍បន្ថែមថា គិលានុបដ្ឋាកមានតួនាទីសំខាន់ណាស់ គឺជាទ័ពសជួរមុខ ជួយសង្គ្រោះជីវិតអ្នកជំងឺ ព្រោះពួកគាត់នៅជាប់លាប់ជាមួយអ្នកជំងឺហើយមិនថាមានបញ្ហាសុខភាពអ្វីនោះទេ គឺពួកគាត់ជាអ្នកសកម្មជាងគេ មិនថាផ្នែករដ្ឋ ឬឯកជនឡើយ។

លោកអនុបណ្ឌិត បានបញ្ជាក់ថា ក្រុម ប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ ជំរុញសមាជិកឲ្យអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អប្រសើរ និងត្រូវ សម្រេចឲ្យបានទិសដៅសំខាន់ៗក្នុងការអនុវត្តឱ្យស្របតាមក្រម សីលធម៌ និង ផ្តល់ការថែទាំព្យាបាលអ្នកជម្ងឺឱ្យមានគុណភាព។  ឃ្លាំមើលការប្រ ព្រឹត្តិ គោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្តីភាពចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈថែទាំឱ្យមានប្រសិទ្ធិភាព។  ឃ្លាំមើលការប្រតិបត្តិរបស់សមាជិកចំពោះករណីកិច្ចវិជ្ជាជីវៈព្រមទាំងបទបញ្ញាត្ដិទាំងឡាយដែលមានចែងក្នុងក្រមសីល ធម៌គិលានុបដ្ឋាកកម្ពុជា។  ធានាការពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈថែទាំ ត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមរយៈក្រុមប្រឹក្សារបស់គណៈគិលានុបដ្ឋាកជាតិ ភូមិភាគ រាជ ធានី-ខេត្ត។  ត្រូវមានការគ្រប់គ្រងលើគិលានុបដ្ឋាក ទាំងអស់ដែលប្រកបវិជ្ជាជីវៈថែទាំ ទាំងសេវាសាធារណៈនិង ឯកជន ត្រូវតែគោរពកិច្ចការចុះបច្ឆិកា និងមានអាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈថែទាំ  ឃ្លាំមើលរាល់ការប្រតិបត្តិកិច្ចការ ដោយសេចក្ដីគោរពប្រតិបត្តិ។

គួរបញ្ជាក់ថា ក្នុងពិធីសន្និបាត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង  គឺត្រូវបានបោះឆ្នោតជ្រើសរើសប្រធានថ្មី ដោយការសម្រេចចិត្ត និងការពេញចិត្ត ពីសំ ណាក់សមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ក្នុងនោះបានប្រគល់តួនាទីជូនលោក ងិន ប៊ុនធឿន ជាប្រធានក្រុម ប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុងអាណត្តិថ្មី ជំនួសលោក សុខ មុនី ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តអាណត្តិមុន ៕ ដោយ សេន ពិសិដ្ឋ