កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាប្រេងកាតអាស៊ាន ពាក់កណ្តាលឆ្នាំលើក ទី៧ នៅខេត្តសៀមរាប


 (សៀមរាប)៖ លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាសមាជិកក្រុមប្រឹក្សា ប្រេងកាតអាស៊ាន របស់កម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាប្រេង កាតអាស៊ាន ពាក់កណ្តាលឆ្នាំលើកទី៧ (The 7th ASCOPE Mid-Year Task Force Meeting) ដែលបានប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនប្រេងកាតជាតិ និងស្ថាប័នប្រេងកាតនៃ ប្រទេសអាស៊ាន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រុមការងារទាំង៤ នៃក្រុម ប្រឹក្សាប្រេងកាតអាស៊ាន (ASCOPE) ដូចជា៖ ក្រុមការងារស្វែករុករកនិងផលិតកម្ម ក្រុមការងារ គាំទ្រឧស្ម័ន ក្រុមការងារសិក្សាគោលនយោបាយ និងកសាងសមត្ថភាព និងក្រុមការងារថាមពល ស្អាត។ ទន្ទឹមនឹងនេះ លោក សុខ ខាវ៉ាន់ ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក បណ្ឌិត Tran Hong Nam ដែលជាប្រធានក្រុមប្រឹក្សា និងនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងកាត ជាតិវៀតណាម PVEP ដើម្បីផ្សព្វផ្សាយទាក់ទាញការវិនិយោគ ក្នុងវិស័យប្រេងកាតនៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំទស្សនកិច្ចសិក្សា នៅក្នុងស្ថានីយ៍ Aviation Depots របស់ ក្រុមហ៊ុន PTT (Cambodia) ដែលស្ថិតក្នុងតំបន់ Airside នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រង និងប្រតិបត្តិការផ្គត់ផ្គង់ប្រេងយន្តហោះ ព្រមទាំងបានរៀប ចំដំណើរកម្សាន្ត ជូនគណៈប្រតិភូទៅទស្សនានៅប្រាង្គប្រាសាទ ក្នុងតំបន់អង្គរផងដែរ ដែលនេះជា ឱកាសដ៏ល្អមួយ ក្នុងការផ្សព្វផ្សាយពីវិស័យប្រេងកាតនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វ ផ្សាយពីវប្បធម៍ដ៏រុងរឿងរបស់កម្ពុជា ដល់បណ្តាប្រទេសអាស៊ាន៕