(ភ្នំពេញ)៖ កិច្ចការប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្ស ប្រជាជនកម្ពុជាបានចង្អុលបង្ហាញឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព។ ការចង្អុលបង្ហាញធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសមាជិក អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិក រាជរដ្ឋាភិបាលអាណត្តិថ្មី សរុបជាង១០០នាក់ នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅវិមាន៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់ចំពេលនៃការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រលើការដឹកនាំរដ្ឋរបស់គណបក្សប្រជាជនកម្ពុជានេះ តេជោ ហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធការបោះឆ្នោត ការដោះដូរសមាស ភាពក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និងកិច្ចការដឹកនាំសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។
ពាក់ព័ន្ធការដោះដូរទ្រង់ទ្រាយធំនៃក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី សម្តេចតេជោ បាន សុំការយោគយល់ពីឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលមិនត្រូវបានតែងតាំង ក្នុងជួររាជរដ្ឋាភិបាលអាណត្តិថ្មី។ សម្តេចតេជោ បានលើកឡើងថា សម្តេចជាអ្នកលះបង់ធំជាងគេ ហើយជារឿងចាំបាច់សម្រាប់ការដោះដូរនេះ ដើម្បីធានាដល់ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិ បានយូរអង្វែងទៅមុខទៀត។
សម្តេចតេជោបន្តថា សម្តេចអាចកាន់អំណាចមួយអាណត្តិ ទៅពីរអាណត្តិទៀតបាន ប៉ុន្តែពេលនេះ សម្តេចសម្រេចចិត្តមិនបន្តកាន់អំណាចតទៅទៀត ឭនោះទេ ដើម្បីផ្តល់ជូនយុវជនរបស់យើងជា អ្នកដឹកនាំអំណាចបន្តពីសម្តេច។
ក្នុងប្រសាសន៍រយៈពេលជិតមួយម៉ោងនៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់បក្សប្រជាជនកម្ពុជា សមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងអាណត្តិថ្មីនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបង្ហាញ បំណងចង់ឃើញគណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេងចេញដំណើរដោយស្វាហាប់ អង់អាចក្លា ហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាជន និង ដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ។
សម្តេចតេជោមានប្រសាសន៍បន្តថា «យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថាតើយុវជនរបស់យើងបានធ្វើសកម្មភាពអ្វីខ្លះ ដោះស្រាយនូវរាល់បញ្ហា ប្រឈមអ្វីខ្លះ ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ»។
សម្តេចតេជោ បានណែនាំឱ្យរាជរដ្ឋាភិបាលថ្មី ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាស្ថេរភាពនយោ បាយ សន្តិសុខសង្គម បញ្ហាសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធបញ្ហាជីវភាពប្រជាពលរដ្ឋនេះ សម្តេចតេជោ បានគាំទ្រចំពោះការបន្តអនុវត្តគោលនយោ បាយគាំពារសង្គម ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលជាសម្ពាធមួយកើតចេញ ពីវិបត្តិសាកល។
ពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋនេះដែរ សម្តេចតេជោ បានណែនាំនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបន្តការងារចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចតេជោ ក៏បានណែនាំឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចុះជួបកម្មករ និយោ ជិត ដែលសម្តេចបានសន្យាចុះជួប តែមិនទាន់បានជួបពួកគេនៅឡើយនោះ។
ការប្រយុទ្ធប្រឆាំងការជួញដូរគ្តឿងញៀន ក៏ជាកិច្ចចាំបាច់មួយទៀត ដែលសម្តេចតេជោ បានចង្អុល បង្ហាញឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់ខ្ពស់។ សម្តេចតេជោ បានលើកឡើងការប្រយុទ្ធ ប្រឆាំងនឹងគ្រឿងញៀន ជាការវាស់ស្ទង់សមត្ថភាពរបស់រាជរដ្ឋាភិបាល ហើយបើធ្វើបានជោគជ័យ នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋផងដែរ។
ដើម្បីកិច្ចការនេះបានជោគជ័យ សម្រាប់សម្តេចតេជោ គឺទាមទារឱ្យមានការធ្វើកំណែទម្រង់ស្ថាប័ន ដែលទទួលភារកិច្ចលើបញ្ហាគ្រឿងញៀន រួមមានអាជ្ញាធរប្រយុទ្ធប្រឆាំង និងបង្ក្រាបគ្រឿងញៀន ជាដើម។ ក្នុងឱកាដនោះសម្តេចតេជោ បានលើកឡើងដែរថា នៅពេលដ៏ខ្លីខាងមុខ កម្ពុជានឹងរៀប ចំព្រឹត្តិការណ៍ជាតិជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ ប្រសិនបើយុវជនបន្តវេន ដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិទាំងមូល។
ប្រមុខបក្សប្រជាជនកម្ពុជា ក៏បានស្នើដល់គណៈរដ្ឋមន្រ្តីថ្មី បន្តការយកចិត្តទុកដាក់ចំពោះមន្រ្តីចាស់ៗ តាមរយៈការផ្តល់ជាទីប្រឹក្សានៅតាមក្រសួងស្ថាប័នរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បាន ស្នើដល់រាជរដ្ឋាភិបាលថ្មី បន្តយកចិត្តទុកដាក់ដល់ការដោះស្រាយលើរបបសន្តិសុខសង្គម ចំពោះ ជនងាយរងគ្រោះ ដូចអ្វីដែលរាជរដ្ឋាភិបាលចាស់បានដោះស្រាយ នាពេលកន្លងមក។
សម្តេចតេជោ មានប្រសាសន៍ឲ្យដឹងដែរថា នៅថ្ងៃទី៩ ទី១០ ខែធ្នូ ឆ្នាំ២០២៣ គណបក្សប្រជា ជនកម្ពុជា និងប្រារព្វមហាសន្និបាតវិសាមញតំណាងទូទាំងប្រទេស ដើម្បីបោះឆ្នោតជ្រើសរើស បន្ថែមទៀត នូវសមាជិក សមាជិកា គណៈអចិន្រៃ្តយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាក្នុងនោះរួមមានឥស្សរជនដែលជាយុវជនក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់យើងផងដែរ។
ទាក់ទិនទៅនិងសមាជិកព្រឹទ្ធសភា នីតិកាលថ្មី ដែលនិងធ្វើការបោះឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ សម្តេចតេជោបានស្នើឲ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា មានវ័យត្រឹម អាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរ ទៅដោយមនុស្សចាស់។
សម្តេចតេជោមានប្រសាសន៍បន្តថាសម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភាក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជន បន្តវេនរបស់យើង ដឹកនាំនាំបន្ត។
នៅក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី នៃគណៈអចិន្រៃ្តយ៍គណបក្សប្រជាជន កម្ពុជា និងសមាជិក សមាជិកាគណរដ្ឋមន្រ្តីចាស់ គណៈរដ្ឋមន្រ្តីថ្មីនោះដែរ មានការថតរូបអនុស្សាវ រីយ៍នៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកា គណៈរដ្ឋមន្រ្តីចាស់ គណៈរដ្ឋមន្រ្តីថ្មី ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។
សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕