(រ៉ង់ហ្គូន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា អាជ្ញាធរបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ទឹកជំនន់ និងគ្រោះបាក់ដីដែលបង្ក ឡើងដោយភ្លៀងមូសុង បានសម្លាប់មនុស្ស ៥នាក់ និងបង្ខំឱ្យមានការជម្លៀសមនុស្សប្រមាណ ៤០,០០០នាក់ផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រទេស មីយ៉ាន់ម៉ាមានភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ឆ្នាំនារដូវនេះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ បានវាយប្រហារគ្រប់ផ្នែកទាំងអស់នៃពិភពលោក ដោយការប្រែ ប្រួលអាកាសធាតុ។ នៅទីក្រុងបាហ្គោ ភាគឦសាននៃទីក្រុងរ៉ង់ហ្គូន អ្នកស្រុកមួយចំនួនត្រូវបាន ជម្លៀសចេញទាន់ពេល ខណៈពេលដែលអ្នកផ្សេងទៀតមិនទាន់ពេលវេលាទេ ដោយសារទឹកឡើង យ៉ាងឆាប់រហ័សពេក។
លោក Soe Min Aung អាយុ ២៣ឆ្នាំជាអ្នករស់នៅទីក្រុងបាហ្គោ បានប្រាប់ AFP ថា «ជារៀងរាល់ ឆ្នាំនៅក្នុងទីក្រុងបាហ្គោ តែងតែមានទឹកជំនន់ ប៉ុន្តែលើកនេះគឺធ្ងន់ធ្ងរបំផុត»។ ដោយបន្ថែមថា គ្រួសាររបស់លោកបានសម្រេចទិញទូកសម្រាប់ធ្វើដំណើរ។
លោកស្រី Lai Shwe Zin O ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម និងការតាំងទីលំនៅថ្មីរបស់ ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្ស ៥នាក់បានស្លាប់ ហើយចំនួនអ្នកជម្លៀសនៅទូទាំង ប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤០,០០០នៅថ្ងៃសុក្រសប្តាហ៍នេះ។
លោកស្រីបានប្រាប់ AFP ថា អាជ្ញាធរកំពុងផ្តល់របស់របរចាំបាច់ ដល់គ្រួសារដែលត្រូវបានជម្លៀស ទៅកាន់ជំរំបណ្តោះអាសន្ន៕