(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃសុក្រ ទី១១ ខែសីហា បានអះអាងសារជាថ្មី អំពីទំនាក់ទំនងដ៏យូរអង្វែង និងដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ដែលត្រូវបានធ្វើឱ្យប្រសើរឡើងកាលពីខែមីនា។
ទំនាក់ទំនងរបស់ប្រទេសសិង្ហបុរីជាមួយប្រទេសចិន ត្រូវបានធ្វើឱ្យប្រសើរឡើងទៅជា «ភាពជាដៃគូ ទូលំទូលាយ តម្រង់ទិសអនាគតប្រកបដោយគុណភាពខ្ពស់»កាលពីខែមីនា បន្ទាប់ពីដំណើរទស្សន កិច្ចរបស់នាយករដ្ឋមន្ត្រី Lee ទៅកាន់ទីក្រុងប៉េកាំង។
ការសម្រេចចិត្តក្នុងការជំរុញបន្ថែមទំនាក់ទំនងទ្វេភាគីបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំកាលពីដើមឆ្នាំនេះ រវាង លោក Lee និងប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង។
ក្រសួងការបរទេសសិង្ហបុរីបាននិយាយនៅពេលនោះថា ភាពជាដៃគូដែលបានធ្វើឱ្យប្រសើរឡើង បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការពង្រីកជានិច្ចនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យដែលឆ្ពោះទៅមុខ តួយ៉ាងដូចជា ឌីជីថល និងសេដ្ឋ កិច្ចបៃតងជាដើម។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសសិង្ហបុរីបាននិយាយថា លោក Lee និងលោក Wang បានពិភាក្សាអំពីរបៀបពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលនឹងផ្តល់ ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសបាននិយាយទៀតថា លោក Lee បានស្វាគមន៍ចំពោះការបន្តការ ចូលរួមរបស់ចិន ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយទន្ទឹងរង់ចាំកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងចិន។
របាយការណ៍បានបន្ថែមថា «ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងតំបន់បើកចំហ សន្តិភាព និងរួមបញ្ចូល»។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក Wang ក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ក្នុងកិច្ចប្រជុំនោះ លោក Wong បាន សម្តែងការគាំទ្រជាគោលការណ៍ សម្រាប់ការចាប់អារម្មណ៍របស់ប្រទេសចិន ក្នុងការចូលរួមក្នុង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងកម្រិតខ្ពស់ ដែលហៅកាត់ថា CPTPP។
CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសមាជិកបច្ចុប្បន្នមានដូចជា អូស្ត្រាលី អង់គ្លេស ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម៕