(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែ សីហា ឆ្នាំ២០២៣ បញ្ជាក់ថា ចំហាយភ្លៀងដែលនៅសេសសល់ពីព្យុះទីហ្វុង បានរសាត់ឆ្ពោះទៅ ភាគឦសាននៃប្រទេសចិន បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេជន់ឡើងក្នុងតំបន់ហៃឡុង ជាំង (Heilongjiang) នៅថ្ងៃសុក្រនេះ ចំពេលដែលបាតុភូតអាកាសធាតុដ៏អាក្រក់នេះបានវាយ លុកទីក្រុងនានា រួមទាំងទីក្រុងហាពីន (Harbin) ដែលជន់លិចដោយទឹកជំនន់រួចមកហើយនោះ។
នៅថ្ងៃសុក្រនេះ តំបន់ Heilongjiang ត្រូវបានព្យាករថា នឹងជួបប្រទះអាកាសធាតុត្រជាក់ខ្លាំង ដែល រួមមានភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លី ផ្គររន្ទះ និងខ្យល់បោកបក់ នៅភាគខាងជើងតំបន់ គឺទីក្រុង ឈីឈីហា (Qiqihar)។ ជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករសម្រាប់ទីក្រុងជឺស៉ី (Jixi) នៅភាគខាងលិច និងទីក្រុងមូដានជាំង (Mudanjiang) នៅភាគខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ទឹកទន្លេយ៉ាលូ (Yalu) ដែលលាតសន្ធឹងលើតំបន់ Heilongjiang និងម៉ុងហ្គោលីខាងក្នុង អាចនឹងឡើងលើសពីកម្រិតព្រមាន នៅយប់ថ្ងៃសុក្រនេះ។ ផ្នែកផ្សេងទៀតនៃភាគឦសានប្រទេសចិន រួមទាំងម៉ុងហ្គោលីខាងក្នុង ក៏នឹងឃើញមានភ្លៀងធ្លាក់ ខ្លាំងផងដែរ៕