លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្ពុជារង់ចាំជាង៧០ឆ្នាំ ទើបមានឱកាសធ្វើជាម្ចាស់ផ្ទះរៀប ចំសន្និបាតកាយឫទ្ធិនារីពិភពលោក, ជោគជ័យនេះនឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បានចូលរួមជាសមាជិករបស់សមាគមកាយឫទ្ធិនារីពិភពលោក ជាង៧០ឆ្នាំមកហើយ ប៉ុន្តែ ក្រោមដំបូលសន្តិភាព ទើបបានផ្តល់ឱកាសឱ្យកម្ពុជាមានលទ្ធភាព គ្រប់គ្រាន់អាចទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ នៅ ឆ្នាំ២០២៦ ខាងមុខនេះ។

ការលើកឡើងបែបនេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​បានធ្វើឡើងនៅព្រលប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសផ្តល់សម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ក្រោយទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នូវការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយ ឫទ្ធិនារីពិភពលោក លើកទី៣៩ (WAGGGS 39th) នៅឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលប្រទេស របស់យើងទទួលធ្វើជាម្ចាស់ផ្ទះនៅពេលយើងលើទងជ័យប្រទេសនីយមួយៗទទួលស្គាល់អំពីកិត្តិនាមរបស់ប្រទេសកម្ពុជា យើងគឺហ៊ោកញ្ចៀវមែនទែន ដែលកាលពីមុនមានអ្នកមកពីប្រទេសមួយចំនួន សួរខ្ញុំថាតើ Cambodia ស្ថិតនៅទីតាំងកន្លែងណា […] អ៊ឹចឹងនៅពេលដែលបានជាប់ គឺពួកគាត់ បានដឹងពីប្រទេសកម្ពុជា កិត្តិនាមរបស់ប្រទេសកម្ពុជាយើង»

ចំណុចមួយទៀតតាមរយៈការឈ្នះឆ្នោតដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោកនេះ, ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​បានគូសបញ្ជាក់ថា វានឹងបង្ហាញឱ្យពិភពលោកដឹងថា ប្រទេសកម្ពុជា ទោះជាប្រទេស តូច ប៉ុន្តែ យើងមានធនធានមនុស្សមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតពិភលោកនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់សមាគម កាយឫទ្ធិនារីកម្ពុជា គឺបានចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ជាង៧០ឆ្នាំមកហើយ ប៉ុន្តែ នេះជាលើកដំបូងបំផុតដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះសន្និបាតថ្នាក់ពិភព លោក នៅប្រទេសកម្ពុជាយើងនេះ»