(ញូវដេលី)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែសីហានេះ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ទំនងជានឹងចូលរួម ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខែសីហានេះ តាមប្រព័ន្ធវីដេអូ ជាជាងទៅចូលរួមដោយផ្ទាល់។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីក្រុមមន្ត្រីឥណ្ឌា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ខាងក្រសួងការបរទេសឥណ្ឌា បានបដិសេធអត្ថាធិប្បាយ រីឯការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ក៏មិនបានឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន Reuters នោះដែរ។ លោកប្រធានាធិបតីរុស្ស៉ី លោក ពូទីន ក៏បានសម្រេច ចិត្តរួចហើយដែរថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS តាមប្រព័ន្ធវីដេអូ។
សូមបញ្ជាក់ថា ការចេញផ្សាយរបស់ Reuters កើតមានឡើងស្របពេលមានសេចក្ដីរាយការណ៍ ថាចិន និងរុស្ស៉ី មានបំណងពិភាក្សាពីការទទួលសមាជិកថ្មីបន្ថែម នៅឯកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែឥណ្ឌាត្រូវបានគេរាយការណ៍ថាបានជំទាស់ទៅនឹងការប៉ុនប៉ងនេះ។ កាលពីខែកក្កដាកន្លងទៅ ឥណ្ឌា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ (SCO) តាមប្រព័ន្ធវីដេអូ បន្ទាប់ពីបានប្ដូរចិត្តពីការរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ ក្នុង ទីក្រុងញូដេលី ដោយមិនបានបញ្ជាក់ពីហេតុផលផ្លូវការណាមួយនោះឡើយ។
កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលមានសមាជិកដូចជាប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង គ្រោងនឹងរៀបចំឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហានេះ នៅឯទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង៕