ក្រសួងវប្បធម៌ ប្រកាសរកអ្នកមានទេពកោសល្យ ចូលរួមប្រឡងក្នុងមហាស្រពចាប៉ីដងវែងទូទាំង ប្រទេស


(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញវីដេអូមួយ ប្រកាសរកអ្នកមានទេពកោសល្យ ផ្នែកចាប៉ីដងវែង ចូលរួមប្រឡងក្នុងមហាស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ដែលធ្វើឡើង ចាប់ពីថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។

មហាស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ត្រូបានធ្វើឡើងក្នុងបុព្វហេតុថែរក្សា ការពារ និង លើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែងឱ្យកាន់តែរីកដុះដាលថែមទៀត។ ក្រសួងវប្បធម៌ សូមឲ្យអ្នក មានទេពកោសល្យផ្នែកចាប៉ីដងវែង ដាក់ពាក្យប្រឡង ឲ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

បើតាម ស.ស.យ.ក វិស័យវប្បធម៌និងវិចិត្រសិល្បៈ ចាប៉ីដងវែងជាសិល្បៈប្រពៃណីបែបប្រជា ប្រិយមួយនៅក្នុងសង្គមខ្មែរ។ ចាប៉ីបានជ្រាបចូលយ៉ាងជ្រៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿ របស់ប្រជាជនខ្មែរ តាមរយៈនៃការសង្កេតឃើញគេលេងក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវ ខាន់ស្លាក្នុងពិធីមង្គល ពិធីកោរជុក ពិធីបំបួស និងបុណ្យកឋិនជាដើម។

ចាប៉ីអាចលេងម្នាក់ឯង ឬលេងជាក្រុមនៅក្នុងវង់ភ្លេងអារក្ស និងភ្លេងការបុរាណផងដែរ។ ម្យ៉ាងទៀតជួនកាលអ្នកលេង ចាប៉ីក៏ត្រូវច្រៀងឆ្លងឆ្លើយជាមួយដៃគូ ដោយការចោទឆ្លើយគ្នាទៅវិញ ទៅមក ជាអាថ៌មានប្រស្នាផ្សេងៗ ជាកាព្យឃ្លោងដោយឥតព្រាងទុក។ ម្ល៉ោះហើយអ្នកច្រៀងចាប៉ីច្រើនជាមនុស្សដែលធ្លាប់បួសរៀន ឬជាអ្នកយល់ដឹងច្រើនពីអក្សរសាស្រ្ត ពូកែចាប់ចុងចួន ចេះកំប្លុកកំប្លែង និងមាន បញ្ញាឈ្លាសវៃ ត្បិតត្រូវចេះចាំរឿងច្រើន ហើយត្រូវបង្កើត ទំនុកច្រៀងភ្លាមៗស្របតាមបរិយាកាសនៃពិធី។

ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕