សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តជួប ជាមួយកម្មករ-កម្មការិនីជាបន្តទៀត ក្រោយការបោះឆ្នោត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួចរាល់ សម្ដេចនឹងបន្ដជួបជាមួយកម្មករ-កម្មការិនីជាបន្តទៀត។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល​ជា​រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយបោះឆ្នោត ខ្ញុំនឹងចុះ១០កន្លែងទៀត ខ្ញុំដាក់ក្នុងកម្មវិធីហើយ។ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំដាក់កម្មវិធីថ្ងៃទី២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមជួបកម្មករ-កម្មការិនីបន្ដទៀត»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចុះជួបនេះ គឺចង់ពិនិត្យអ្វីដែលជាសមទ្ធិផល នៅជុំទី១ ដែល​បានជួបកម្មករ ហើយដោះស្រាយបញ្ហាឲ្យពួកគាត់ និងចាប់ផ្ដើមឈានចូល ក្នុងដំណាក់កាល អនុវត្ដនយោបាយគាំទ្រសង្គម ទៅលើបញ្ហាស្ដ្រីមានផ្ទៃពោះ រហូតទៅដល់កូនអាយុ២ឆ្នាំ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងទាំងអស់នេះ ​មិនមានជារឿងងាយស្រួលនោះទេ សម្រាប់នាយករដ្ឋមន្ដ្រី នៅប្រទេសកម្ពុជា ខណៈដែលប្រទេសនានា ដែលជានាយករដ្ឋមន្ដ្រី និងប្រធានាធិបតី ឡើងមកគឺស្រួល ព្រោះមានទាំងអស់។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ម៉ោង៣៖០០រសៀល។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)។

ករណីប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះឆ្នោត។

ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ ឲ្យការបោះឆ្នោតនឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត៕