សម្ដេចតេជោ ហ៊ុន សែន ស្នើបារាំង និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់សាធារណរដ្ឋបារាំង និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣ សំដៅបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជា។

សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ចំណាយថវិកា២៤៧លានដុល្លារ។ សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្ដល់ថវិកាចំនួន៨៥​លាន​ដុល្លារ ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន១៥លានដុល្លារ។ ដោយឡែករាជរដ្ឋាភិបាលទទួលបន្ទុកពន្ធក្នុងការនាំចូលសម្ភារទាំងឡាយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង សុំឲ្យបារាំងនាំមុខក្នុងការចរចារជាមួយធនាគារអឺរ៉ុប និងសហភាពអឺរ៉ុប ផ្ដល់ជំនួយឥតសំណងបន្ថែមមកជំហានទី៣ សូមអរគុណទុកឲ្យហើយ។ ខ្ញុំតែជួបខ្ញុំសុំហើយ ព្រោះខ្ញុំមិនមែនសុំយកទៅធ្វើផ្ទះឯណា ខ្ញុំសុំដើម្បីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ»

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ដែលកន្លងមកសម្ដេចតែងស្នើឲ្យបារាំងបន្ដការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះមានទាំងវិស័យទឹកនេះផងដែរ។ ដូច្នេះសម្ដេចសង្ឃឹមថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បន្ដមានវត្តមានជួយក្នុងការអនុវត្តគម្រោងបន្ដបន្ទាប់ ពិសេសជំហានទី៣។

ពាក់ព័ន្ធការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើមិនឲ្យកម្ពុជាពឹងបារាំងដើម្បីជួយសាងសង់ តើឲ្យកម្ពុជាទៅពឹងអ្នកណា? ដូច្នេះនេះជារឿងពិតដែលបារាំងបានចូលរួមចំណែកអភិវឌ្ឍន៍រោងចក្រផលិតទឹកស្អាតនៅកម្ពុជា ក្នុងនោះមានទាំងរោងចក្រនៅសង្កាត់និរោធន៍ ខណ្ឌព្រែកព្នៅ រហូតដល់រោងចក្រនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលជាប្រភពផ្គត់ផ្គង់ធំជាងគេ។

ជាមួយនឹងសំណើស្នើសុំឲ្យជួយបន្ដទៀតនេះ, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ភាគីបារាំង និងសហភាពអឺរ៉ុប កុំឲ្យមានការព្រួយបារម្ភរឿងសំណងដែលកម្ពុជាបានខ្ចី ពោលរដ្ឋាករទឹករាជធានីភ្នំពេញ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងត្រឡប់ទៅវិញនៅពេលណាមួយ ព្រោះទឹកទាំងអស់នេះបូមទៅលក់ ហើយយកលុយចំណេញអភិវឌ្ឍន៍បន្ដទៀតមួយផ្នែក និងមួយផ្នែកទៀត ទុកដើម្បីសងត្រឡប់ទៅវិញ៕