(សេអ៊ូល)៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង បានប្ដេជ្ញាចិត្តថានឹងធ្វើការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាជាលើកទី២ ខណៈបានហៅ ការបាញ់បង្ហោះផ្កាយរណបយោធាជាលើកដំបូងដែលទទួលបរាជ័យកាលពីខែឧសភាកន្លងទៅ ជាបរាជ័យធ្ងន់ធ្ងរបំផុតនៅក្នុងឆ្នាំ២០២៣។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
កាលពីចុងខែឧសភាកន្លងទៅ កូរ៉េខាងជើងបានដឹកនាំការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាមួយ តែគ្រាប់រ៉ុក្កែត និងផ្កាយរណប ស្រាប់តែ បានធ្លាក់ចូលទឹកសមុទ្រភ្លាមៗ ក្រោយការបាញ់បង្ហោះ ហើយនេះគឺជាខកចិត្តមួយរបស់លោក គីម ជុងអ៊ុន ដែលចង់អភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប ស៊ើបការណ៍នេះ ដើម្បីតាមដានសកម្មភាពយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបយោធា និងកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មឃ្លាំងអាវុធ ត្រូវបានលើកយកទៅពិភាក្សាកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េ ជាបក្សកាន់អំណាចតែមួយគត់ នៅកូរ៉េខាងជើង។
គួរបញ្ជាក់ថា KCNA មិនបានបញ្ជាក់លម្អិតថាតើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបណា ដែលនិយាយពីបរាជ័យនៃការបាញ់បង្ហោះផ្កាយរណបខាងលើ នោះទេ ប៉ុន្តែបានឱ្យដឹងថាកិច្ចប្រជុំពេញអង្គនៃបក្សពលករកូរ៉េ បានរិះគន់ធ្ងន់ៗចំពោះក្រុមមន្ត្រីទទួលខុសត្រូវក្នុងការរៀបចំ និងបាញ់បង្ហោះ ផ្កាយរណប៕