សម្តេចតេជោ ហ៊ុន សែន អះអាងពីការកោតសរសើររបស់មិត្តអន្តរជាតិចំពោះការរៀបចំស៉ីហ្គេម គឺគ្មានប្រទេសណាតិះទៀនកម្ពុជាឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងពីការកោតសរសើររបស់មិត្តអន្តរជាតិចំពោះការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីពេលកន្លង ពោលគឺគ្មានប្រទេសណាមួយតិះទៀនកម្ពុជានោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា មកដល់ពេលនេះ គ្មានប្រទេសណាមួយតិះទៀនកម្ពុជាចំពោះការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីពេលកន្លងនោះឡើយ គឺមានតែកោតសរសើរថាកម្ពុជាធ្វើបានល្អ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះអត់មានប្រទេសណាតិះទៀនកម្ពុជាទេ គេថាយើងធ្វើល្អ ដូច្នេះសូមចែករំលែកមោទនភាពនេះឱ្យអ្នកទាំងអស់គ្នា»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាបានចំណាយថវិកាអស់ជាង៧លានដុល្លារអាម៉េរិក សម្រាប់ការស្នាក់នៅ អាហារហូបចុក ការធ្វើដំណើររបស់កីឡាករ/កីឡាការិនីទាំងអស់ និងការផ្គត់ផ្គង់ផ្សេងៗទៀត ពោលគឺទំនុកបម្រុងគ្រប់តម្រូវការ។

សម្ដេចតេជោបានបង្ហាញអារម្មណ៍រីករាយជាមួយនឹងពាក្យ «ខ្មែរធ្វើបាន» បន្ទាប់ពីរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះប្រកបដោយជោគជ័យ បណ្ដុះបាននូវសាមគ្គីភាព ភាតរភាព។ ការផ្សព្វផ្សាយក៏កម្ពុជាមិនយកប្រាក់ពីស្ថាប័នផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ប្រជាជនក្នុងប្រទេសនិងអ្នកគាំទ្រដែលចូលទស្សនាក៏មិនយកថ្លៃសំបុត្រនោះដែរ។

សម្ដេចតេជោបានអះអាងទៀតថា ទាំងនេះក៏ជាគំនិតផ្ដួចផ្ដើមមួយរបស់សម្ដេចផ្ទាល់ ដែលអាចផ្ដល់អាទិភាពជំរុញឱ្យកាន់តែខ្លាំងនៃការធ្វើសមាហរណកម្មទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពិសេសក្នុងវិស័យកីឡា។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅថ្ងៃខាងមុខ អាស៊ាននឹងអាចដេញថ្លៃរៀបចំព្រឹត្តិការណ៍ World Cup ឬកីឡាអូឡាំពិក ហើយដល់ពេលនោះ ពហុកីឡដ្ឋានជាតិនៅកម្ពុជាក៏អាចស្វាគមន៍ និងទទួលរួមចំណែករៀបចំបានដែរ។

សម្ដេចតេជោបានបញ្ជាក់ថា នៅឆ្នាំ២០២៩ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់យុវជនអាស៉ីផងដែរ ដូច្នេះពេលនោះសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអ្វីផ្សេងទៀតក៏នឹងកាន់តែល្អប្រសើរ៕