រុស្ស៉ី បដិសេធជំនួយរបស់ UN ខណៈអ្នកស្លាប់ដោយសារការបាក់ទំនប់ទឹក កើនឡើង

(មូស្គូ)៖ រុស្ស៉ី បានបដិសេធសំណើរបស់អង្គការសហប្រជាជាតិ (UN) ក្នុងការជួយដល់អ្នកស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ពីការបាក់ទំនប់ទឹក កាខូវកា (Kakhovka) ខណៈចំនួនអ្នកស្លាប់កើនឡើង ហើយបញ្ហាទឹកកខ្វក់បង្ខំឲ្យអាជ្ញាធរសម្រេចបិទទីតាំងឆ្នេរដ៏ពេញនិយមមួយនៃសមុទ្រខ្មៅ ដែល ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥២នាក់ ដោយមន្ត្រីរុស្ស៉ីនិយាយថា មនុស្ស ៣៥នាក់បានស្លាប់នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយក្រសួងមហាផ្ទៃអ៊ុយក្រែន ឲ្យដឹងថាមនុស្សចំនួន ១៧នាក់បានស្លាប់ និង៣១នាក់កំពុងបាត់ខ្លួន។ ចំណែក មនុស្សជាង ១១,០០០ នាក់ត្រូវបានជម្លៀសចេញ ទាំងរុស្ស៉ី និងអ៊ុយក្រែន។ UN បានជំរុញឲ្យភាគីរុស្ស៉ី បំពេញកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកស្រី ដេននីស ប្រោន (Denise Brown) ដែលជាអ្នកសម្របសម្រួលផ្នែក មនុស្សធម៌របស់ UN សម្រាប់អ៊ុយក្រែន បានគូសបញ្ជាក់ថា «ជំនួយមិនអាចត្រូវបានគេបដិសេធ ចំពោះអ្នកដែលកំពុងត្រូវការនោះទេ»?