បាតុភូតអាកាសធាតុក្តៅ អែលនីណូ ទំនងជាជំរុញការនាំចេញអង្កររបស់ប្រទេសថៃ

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit ឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃទំនងជាកើនឡើងលើស ៨លានតោននៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការសកលខ្ពស់ ខណៈដែលប្រទេសនានាប្រញាប់ប្រញាល់ទិញអង្ករស្តុកទុក ដើម្បីទប់ទល់នឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុអែលនីណូ (El Niño)។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោកថ្លែងថា ប្រទេសហ្វីលីពីនត្រូវបានរំពឹងថានឹងបង្កើនការទិញអង្កររបស់ខ្លួនពី ២ ទៅ ៣ លានតោន ខណៈដែលឥណ្ឌូណេស៊ីកំពុងពន្លឿនការទិញអង្ករក្នុងបរិមាណច្រើនពីប្រទេសថៃ និងវៀតណាម។

លោកបានបន្ថែមថា ប្រទេសវៀតណាមកំពុងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួន ដើម្បីធានាបាននូវស្តុកក្នុងស្រុកគ្រប់គ្រាន់ ដោយងាកទៅរកការដាំដុះផ្លែឈើ និងកាហ្វេវិញ។

លោក Jurin បាននិយាយថា ប្រាក់បាតរបស់ថៃធ្លាក់ចុះថ្លៃ ដែលធ្វើឱ្យការនាំចេញអង្កររបស់ថៃកាន់តែមានការប្រកួតប្រជែងថែមទៀត។

កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករចំនួន ៧,៦៩ លានតោន ដែលលើសពីគោលដៅរបស់ក្រសួងដែលមានចំនួនតែ ៧,៥ លានតោន។ ក្រសួងបានកំណត់គោលដៅនាំចេញអង្ករពី ៧,៥ ទៅ ៨ លានតោននៅឆ្នាំនេះ។

លោក Jurin បានមានប្រសាសន៍ថា៖ «តម្លៃអង្ករមានភាពល្អណាស់»។ លោកបន្ថែមថា៖ «អង្ករប្រភេទសំខាន់ៗដែលមានតម្លៃខ្ពស់រួមានមាន ស្រូវក្រអូប ស្រូវក្រអូប Pathum Thani ស្រូវស និងអង្ករដំណើប។ អង្ករទាំងបួនប្រភេទនេះមានតម្លៃខ្ពស់ជាងតម្លៃដែលធានាដោយរដ្ឋ»