សេដ្ឋកិច្ចស្រីលង្កាធ្លាក់ចុះ ១១.៥% នៅត្រីមាសទីមួយ ខណៈវិបត្តិហិរញ្ញវត្ថុនៅតែបន្ត

(កូឡុំបូ)៖ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ១១.៥ភាគរយក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ ខណៈដែលប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយនាយកដ្ឋានជំរឿននិងស្ថិតិស្រីលង្កាថា ការធ្លាក់ចុះនេះត្រូវបានជំរុញដោយអតិផរណាខ្ពស់ និងអត្រាការប្រាក់ខ្ពស់ ការកើនឡើងតម្លៃគ្រឿងបន្លាស់ ក៏ដូចជាការរឹតបន្តឹងលើការនាំចូល និងប្រាក់ចំណូលទាបពីការនាំចេញសម្លៀកបំពាក់។

នាយកដ្ឋានជំរឿននិងស្ថិតិបានឱ្យដឹងថា វិស័យកសិកម្មបានកើនឡើង ០.៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលទិន្នផលពីឧស្សាហកម្មបានធ្លាក់ចុះ ២៣.៤ភាគរយ ហើយសេវាកម្មបានធ្លាក់ចុះ ៥ភាគរយ។

ធនាគារកណ្តាលស្រីលង្កាបានព្យាករថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នឹងធ្លាក់ចុះ២ ភាគរយនៅឆ្នាំនេះ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ៣ភាគរយ។

លោក Shehan Cooray ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Acuity Stockbrokers ដែលជាក្រុមហ៊ុនឈ្មួញជើងសារមូលបត្រដ៏ធំមួយនៅស្រីលង្កាបានប្រាប់រ៉យទ័រថា៖ «អត្រានេះជាការធ្លាក់ចុះខ្លាំងជាងបន្តិច (ក្នុងត្រីមាសទី ១) ធៀបនឹងការរំពឹងទុករបស់យើងដែលថាមានពី ៩ ទៅ ១០%។ ប៉ុន្តែយើងព្យាករថា កំណើននឹងត្រឡប់ទៅរកភាពវិជ្ជមានវិញនៅឆមាសទីពីរនៃឆ្នាំនេះ»

ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ចំនួន ២៥០ពិន្ទុមូលដ្ឋាន ឬស្មើនឹង ២.៥% នៅដើមខែនេះ ដែលជាទម្លាក់អត្រាការប្រាក់លើកដំបូងក្នុងរយៈពេលបីឆ្នាំ ដោយសារធនាគារនេះផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់របស់ខ្លួនឆ្ពោះទៅរកការជំរុញសេដ្ឋកិច្ច។

កាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះខ្លាំងរហូតដល់ ៧.៨ភាគរយ បន្ទាប់ពីប្រាក់បម្រុងបរទេសរបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានទាញទម្លាក់កោះនេះចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕