វិបត្តិថាមពលរបស់វៀតណាម ប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងវិនិយោគិនបរទេស

(ហាណូយ)៖ រដូវក្តៅខ្លាំង និងគ្រោះរាំងស្ងួត ដែលមិនធ្លាប់មានពីមុនមក កំពុងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពតានតឹង នៅភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ដែលបង្កការខាតបង់ជាច្រើនដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសវៀតណាម គឺជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនសំខាន់ៗមួយចំនួន ក្នុងពិភពលោក ហើយក្រុមហ៊ុនជាច្រើនក្នុងនោះរួមទាំងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ផងដែរនោះ មានរោងចក្រនៅភាគខាងជើងប្រទេស ដែលនៅមិនឆ្ងាយពីរដ្ឋធានីហាណូយ។

ថ្នាក់ដឹកនាំក្រុមហ៊ុនអាជីវកម្មបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រតិបត្តិការនៅរោងចក្រមួយចំនួនធំ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការដាច់ចរន្តអគ្គិសនីរយៈពេលវែង។ រោចក្រខ្លះត្រូវបានផ្តល់ការជូនដំណឹងតិចតួចបំផុត ឬមិនមានការជូនដំណឹងទាល់តែសោះក៏មាន។

លោក វ៉ូ ជីហៀវ (Vu Chi Hieu) នាយកក្រុមហ៊ុន KingBill XNK Joint Stock Company របស់វៀតណាមដែលផលិតគ្រឿងបន្លាស់អាលុយមីញ៉ូមនៅក្នុងខេត្តបាក់និញ (Bac Ninh) ដែលនៅជិតទីក្រុងហាណូយបានមានប្រសាសន៍ថា៖ «យើងបានដាច់ចរន្តអគ្គិសនីរយៈពេល ២៦ម៉ោង។ ការដាច់អគ្គិសនីនេះធ្វើឱ្យយើងចំណាយអស់រាប់ម៉ឺនដុល្លារនៅថ្ងៃនោះ។ វាមិនល្អទាល់តែសោះ»

កាលពីសប្តាហ៍មុន តំបន់ជាច្រើនស្ថិតនៅភាគខាងជើង ដែលភាគច្រើនជាទីតាំងរបស់សួនឧស្សាហកម្មសំខាន់ៗ ត្រូវបានគេប្រាប់ឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ខ្លួនពាក់កណ្តាល ដោយបង្ខំឱ្យសភាពាណិជ្ជកម្មជប៉ុន កូរ៉េ និងអឺរ៉ុប ដាក់ញត្តិទៅកាន់រដ្ឋាភិបាលវៀតណាមដើម្បីស្វែងរកដំណោះស្រាយឱ្យឆាប់រហ័សចំពោះវិបត្តិនេះ។

លោក ស៊ូស៊ូមុ យ៉ូហ៊ីដា (Susumu Yoshida) មកពីសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនបានប្រាប់ AFP ថា ការខូចខាតដោយផ្ទាល់ពីការដាច់ចរន្តអគ្គិសនីតែមួយមុខដែលប៉ះពាល់ដល់ក្រុមហ៊ុនផលិតចំនួនប្រាំនៅសួនឧស្សាហកម្មមួយ មានចំនួនជាង ១៩០ ០០០ដុល្លារអាមេរិក។

លោកបានមានប្រសាសន៍ថា «ការខូចខាតសរុបក្នុងចំណោមសួនឧស្សាហកម្មនៅភាគខាងជើងប្រទេសវៀតណាម ហាក់ដូចជាមានចំនួនច្រើនមិនអាចពណ៌នាបាន»

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានតស៊ូនឹងរលកកម្ដៅជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក នៅពេលដែលសីតុណ្ហភាពបានកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលទន្លេនិងអាងស្តុកទឹកនៅរោងចក្រវារីអគ្គិសនីបានរីងស្ងួត៕