(កូរ៉េ)៖ តបតាមការអញ្ជើញរបស់លោក Park Jin រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាលើកដំបូងនៅសាធារណរដ្ឋកូរ៉េ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន។
ទស្សនកិច្ចការងារនេះ រំពឹងថានឹងពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បន្ថែមទៀត ស្របពេលដែលទំនាក់ទំនងដៃគូសន្ទា នឹងឈានដល់វ័យ៣៥ឆ្នាំ នៅឆ្នាំ២០២៤ ខាងមុខ។
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃដំបូនៃការបំពេញទស្សនកិច្ចការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលអញ្ជើញធ្វើបឋកថាពិសេស នៅបណ្ឌិតសភាការទូតជាតិរបស់កូរ៉េ (Korea National Diplomatic Academy-KNDA)។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ អធិកាបតីរបស់ KNDA បណ្ឌិត Park Cheol Hee ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការសហការដែលអាចធ្វើទៅបាន ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែប្រសើរថែមទៀត។
នៅល្ងាចថ្ងៃដដែលនេះ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទស្សនានៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងបានពិសាបាយការងារជាមួយ លោក Kim Hae-yong អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធីដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ លោកអគ្គលេខាធិការអាស៊ាន ក៏បានវាយតម្លៃខ្ពស់ ចំពោះការងាររបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យផ្តួចផ្តើមសកម្មភាព និងកម្មវិធីបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ៕