(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងរោងចក្រឡឺក្រោន ស៊ូ អ៉ិនដាសស្ទ្រី (LECROWN SHOES INDUSTRY) ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតំបន់នោះរួចម្តងមកហើយ ដោយមានកម្មករ កម្មការិនីចូលរួមជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។
បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, រោងចក្រដេរស្រោមដៃចំនួន១ និងដេរស្បែកជើងចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងចិន។ល។
ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?
ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។ ខេត្តកំពង់ចាម បានក្លាយជាខេត្តមួយនៃគោលដៅវិនិយោគរោងចក្រ សហគ្រាស និងទទួលបានផលប្រយោជន៍ពីនយោបាយពង្រាយរោងចក្រនេះ។ នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាសចំនួន៥១០ មានកម្មករ និយោជិតជាង ៣ម៉ឺន ៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ១១១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២១ មានកម្មករនិយោជិតសរុបជាង ២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៧៩លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ចាម ជាខេត្តទី៧ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។