(អ៊ីស្លាម៉ាបាដ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា អាជ្ញាធរតំបន់បានឱ្យដឹងនៅអាទិត្យនេះថា ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅភាគពាយព្យប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ រួមទាំងកុមារ៨នាក់ផងដែរ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតំបន់ លោក Temur Ali Khan បានប្រាប់ AFP ថា «មនុស្សយ៉ាងហោចណាស់ ១២នាក់ត្រូវបានកប់ទាំងរស់ បន្ទាប់ពីដំបូល និងជញ្ជាំងផ្ទះ របស់ពួកគេបានដួលរលំពីលើ»។
ដោយឡែក មនុស្ស ១៥នាក់ទៀត រួមទាំងបងប្អូនបង្កើតប្រាំនាក់ ដែលមានអាយុចន្លោះពី២ ទៅ ១១ឆ្នាំក៏បានស្លាប់នៅក្នុងស្រុក Bannu ខណៈដែលព្យុះនេះបានវាយប្រហារស្រុកចំនួន៤ ក្នុងខេត្ត Khyber Pakhtunkhwa កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ។
លោកបានបន្តថា មនុស្សជាង ១៤០នាក់បានរងរបួស និងសត្វចិញ្ចឹមជាង ២០០ក្បាលបានស្លាប់ផងដែរ។ ស្រុកចំនួន៤ ខាងលើ ត្រូវបានអាជ្ញាធរប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន៕