ក្រសួងទេសចរណ៍ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការលើកឡើង ដ៏អគតិបំផុតរបស់បុគ្គល ស ឡុងដេត ពាក់ព័ន្ធព្រឹត្តិការណ៍ស៊ីហ្គេម

 (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ​២០២៣ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងដ៏អគតិបំផុត របស់បុគ្គលឈ្មោះ ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន ពាក់ព័ន្ធព្រឹត្តិការណ៍ស៉ីហ្គេម។

សេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍ ព័ត៌មាន របស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ២០២៣ (ហៅកាត់ថា គ.ជ.ប.អ.) ចុះថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៣ ប្រកាសច្រានចោលបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់ អហង្ការ ចំពោះការលើកឡើងដ៏អគតិបំផុតរបស់បុគ្គលឈ្មោះ ស ឡុងដេត ដែលជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន ដោយបាននិយាយជាសាធារណៈកាលពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញថា៖ «ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពលនៃវប្បធម៌ សេដ្ឋកិច្ចរបស់ ខ្មែរទេ…» និង «មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង «អ្វីៗជា រឿងក្លែងក្លាយទាំងអស់»។

ក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ខ្លឹមសារទាំងនេះ គឺជាការបំផ្លើសខុសពីការពិតទាំងស្រុង ក្នុងគោលបំណង កេងចំណេញខាងនយោបាយបង្អួចកិត្តិយសសេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹង ប្រែងរបស់ គ.ជ.ប.អ. និងជាពិសេសកិច្ចខិតខំប្រឹងប្រែង និងជោគជ័យដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបត្រូវបានបញ្ចប់នាពេលថ្មីៗនេះ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍៖