សម្តេច ទៀ បាញ់៖ ការស្វែងរកទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមតួអង្គទាំងឡាយរបស់ មីយ៉ាន់ម៉ា អាចជាគន្លឹះនៃដំណោះស្រាយ

 (សឹង្ហបុរី)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងថា តួនាទីរបស់អាស៊ានក្នុងការជំរុញឱ្យមានដំណោះស្រាយ គឺពិតជាសំខាន់ណាស់ តែមិនអាចធានា ជោគជ័យទាំងស្រុងនោះទេ បើសិនគ្មានឆន្ទៈពិតប្រាកដពីមីយ៉ាន់ម៉ាខ្លួនឯង។ ការស្វែងរកទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមតួអង្គទាំងឡាយរបស់មីយ៉ាន់ម៉ា អាចជាគន្លឹះ នៃដំណោះស្រាយ។

ការថ្លែងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសឹង្ហបូរី នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២៣ ព្រមទាំងបានថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី៧ ក្នុងកិច្ចសន្ទនាសាំងគ្រីលា ក្រោមប្រធានបទ៖ «ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ»។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា តាមបទពិសោធរបស់កម្ពុជា នាអតីតកាលគោលនយោបាយឈ្នះឈ្នះ ដោយផ្អែកលើសម្បទាន រួមទាំងការផ្ដល់កិត្តិយស និង ទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ស្ថិតស្ថេរយូរអង្វែង។ នេះក៏ជាគំរូមួយទៀត ដែលកើតឡើងដោយការរួមបញ្ចូលគ្នាមិនអាចខ្វះ បានរវាងឆន្ទៈនយោបាយ ឯកភាពជាតិ និងការជ្រោមជ្រែងដោយសុទ្ធចិត្តពីខាងក្រៅឈរលើការ គោរពផលប្រយោជន៍រួមជាធំ។

ទាក់ទងទៅនឹងប្រទេសមីយ៉ាន់ម៉ានេះដែរ, សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បញ្ហា មីយ៉ាន់ម៉ា គឺជាភាពប្រឈមមួយដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ និងមជ្ឈភាព (Centrality) របស់អាស៊ាន។

ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ នាឱកាសនោះ សម្តេចពិជ័យសេនា បានបញ្ជាក់ ថា ការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច បានបង្កការរំខានដល់ភាពសុខដុម និងវិបុល ភាពនៃប្រទេសតូចតាចដទៃទៀត។ ជាការពិត គូប្រជែងមុខជាមិនបានទទួលផលចំណេញឡើយ ព្រោះពួកគេជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក យូរអង្វែងតទៅទៀត។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ «ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា យើងពិតជាមិនចង់ឃើញចិន ក៏ដូចជាអាមេរិកចុះខ្សោយនោះទេ។ ការចុះខ្សោយរបស់អ្នកណាម្នាក់ ឬក៏របស់អ្នកទាំងពីរ នឹងបង្កឱ្យមានហានិភ័យសម្រាប់ប្រទេស ទូទាំងតំបន់ និងពិភពលោកជាក់ជាមិន ខាន។ ក្នុងនាមជាសមាជិកមួយ នៃអាស៊ានកម្ពុជាចង់ឃើញការផ្លាស់ប្តូរឥរិយាបទរបស់គូប្រជែង ទាំងអស់ ពីការផ្ចាញ់ផ្ចាលគ្នា ទៅជាការរួមគ្នាគិតគូអំពីផលប្រយោជន៍ទៅវិញទៅមក អំពីស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។ យើងក៏ចង់ឱ្យមានការបន្ធូរភាពតានតឹង និងធ្វើឱ្យប្រក្រតី ឡើងវិញ នូវស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការស្វែងរកវិធីសាស្រ្តណាមួយ ដែលអាចទទួល យកបានដើម្បីបញ្ឈប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែនផងដែរ។

ការបង្កើត និងដំណើរការ នៃយន្តការមួយចំនួន ដែលធ្វើឡើងដោយ ប្រទេសធំៗក្នុងតំបន់ កំពុង ត្រូវបានយល់ឃើញ ក្នុងទិដ្ឋភាពផ្សេងៗគ្នា។ ជាការប្រសើរប្រសិនបើយន្តការ ឬភាពជាដៃគូទាំង នោះបម្រើឱ្យសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ផ្ទុយទៅវិញ សកម្មភាពដែលមានចរិត ជាការធ្វើឱ្យអន្តរាយដល់ប្រទេសណាមួយទៀត នឹងរឹតតែបង្កើនភាពតានតឹងក្នុងតំបន់ ទោះបីជាមាន ការអះអាងថាវិធានការទាំងនោះគឺដើម្បីតុល្យភាពផ្នែកយុទ្ធសាស្ត្រក៏ដោយ»

ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ពិត មែនថាការបំផ្លាញធម្មជាតិ និងការបំពុលបរិស្ថាន កើតមាននៅគ្រប់ទិសទី តែប្រទេសឧស្សាហកម្ម ធំៗ គឺជាប្រភពចម្បងនៃការការប្រែប្រួលធាតុអាកាស។ យើងបានឃើញកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បី កាត់បន្ថយហានិភ័យធ្ងន់ធ្ងរសម្រាប់ផែន ដីយើង តែហាក់មិនទាន់បានទទួលលទ្ធផលជាដុំកំភួននៅឡើយទេ។ ជារឿយៗ យើងបានឃើញ របាយការណ៍ស្តីពីស្ថានភាពនៃបម្រែបម្រួលធាតុអាកាសកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះ តម្រូវឱ្យមាន ការខិតខំរួមគ្នាច្រើនថែមទៀតនៅក្នុងបញ្ហានេះជាពិសេសប្រទេសឧស្សាហកម្មធំៗ ត្រូវធ្វើជាគំរូ នៅក្នុងការខិតខំ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថានតាមរូបភាពផ្សេងៗទៀត៕