សម្តេចពញាចក្រី ហេង សំរិន៖ យុវជនសម័យសន្តិភាព និងសម័យសង្រ្គាមខុសគ្នាស្រលះ យុវជន សម័យសង្គ្រាម មិនត្រឹមតែបាត់បង់ឱកាសល្អៗ រីករាយគ្រប់យ៉ាងណោះទេ តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការ

 (ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា កម្ពុជា ពេលនេះកំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះ ជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ យុវជនយើងពិតជាមានឱកាសច្រើន ណាស់ បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជន សម័យសន្តិភាព គឺខុសគ្នាស្រលះ សឹងតែមិនអាចប្រៀបធៀបបានឡើយ។

ការលើកឡើងបែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជយលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូងចំនួន ១,២៤៩នាក់។

សម្តេចប្រធានរដ្ឋសភា បានបន្តថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យ ដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរ ដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា យុវជនសម័យសង្គ្រាម មិនត្រឹមតែបាត់ បង់ឱកាសល្អៗ រីករាយគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការទៀតផង។ យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការ អប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញ លេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋពិតជា មានមោទនភាព យ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា ដែលកើតឡើងពីការខិត ខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិច បំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ច្រើនទស្សវត្សរ៍ឱ្យក្លាយជាទឹកដីមួយ ដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខ យ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលដែលក្នុងនោះរួមមាន៖ មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលា រៀនឱ្យជិតនឹងប្រជាពលរដ្ឋ។ ហេតុនេះហើយទើបគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទ តែងតែមានសាលារៀនរហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្តមានរហូតដល់ កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅខេត្តត្បូងឃ្មុំយើងនេះ ពីអតីតកាលមក មិនដែលមាន សាកលវិទ្យាល័យឡើយ ទើបតែសម័យនេះទេ ទើបមានសាកលវិទ្យាល័យដ៏ធំស្កឹមស្កៃ។

នាឱកាសនោះដែរ សម្តេចក៏បានសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយនិងចៅៗ ជាសសរទ្រូង ប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាការពារឱ្យខាងតែបាននូវសុខសន្តិភាព ដែលយើងរកមកបានដោយ លំបាកជាទីបំផុត ដោយការធ្វើពលីកម្មគ្រប់បែបយ៉ាង ហើយត្រូវជំរុញមនោសញ្ចេតនានៃក្តី មេត្តា ស្រឡាញ់រាប់អានគ្នា ចេះមានការយល់ចិត្តចំពោះអ្នកដទៃ និងធ្វើការដើម្បីភាពកាន់តែល្អប្រសើរ ឡើងថែមទៀត សម្រាប់សង្គមជាតិយើង”នេះជាការអំពាវរបស់សម្តេចប្រធានរដ្ឋសភា។

សម្តេចបានលើកឡើងបន្តថា៖ «យើងត្រូវចាំថា សន្តិភាពនិងការអភិវឌ្ឍមានទំនាក់ទំនងគ្នាយ៉ាង ជិតស្និទ្ធ។ សន្តិភាពបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ។ ដោយសារសន្តិភាពពេញលេញនេះហើយ ទើបធ្វើឱ្យប្រទេសជាតិទទួលបាននូវកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងនាមថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា សម្តេចសូមប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវ សាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គមឡើយ ដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ ក្នុងដំណើរការកសាង និងការពារមាតុ ភូមិតទៅមុខថែមទៀត៕