សម្តេចតេជោ ហ៊ុន សែន ​បង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រីនៅកម្ពុជា ​​​និង បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការពេញចិត្ត​ចំពោះការ វិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រីនៅកម្ពុជា ជាពិសេស​បានក្លាយខ្លួនទៅជាសហគ្រិនស្រ្តី ដែលបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់គ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិ។

ការលើកឡើង​របស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែលសម្ដេច​អញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានកត់សម្គាល់ថា បច្ចុប្បន្នការប្រកបរបរទាំងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ ។ កត្តានេះហើយជំរុញឱ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកបន្ថែមទៀត ក្នុងវិនិយោគ និងលើកទឹកចិត្តឱ្យស្រ្តីទទួលបាននូវការបណ្តុះបណ្តាលបន្ថែម។

សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចនេះ យើងមិនត្រូវមើលស្រាលពីការវិនិយោគ លើស្រ្តីនោះទេ ឥលូវខ្ញុំមានមោទនភាពដោយសារតែនៅពេលមានការជួបជុំសហគ្រិនស្រ្តី ឬ សហ គ្រិនវ័យក្មេង យើងបានសង្កេតឃើញថាស្រ្តីបានដើរតួនាទីក្នុងសេដ្ឋកិច្ចធំណាស់ អ៊ីចឹងវាជាចំណែក នៃការទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារ។ ហើយទម្លាប់ដែលថា ពេលមានប្តីពឹងពាក់លើលុយប្តី ឥលូវអស់លោកប្តីហ៊ើយ អត់ផ្លូវទេ ស្រ្តីគេក៏មានប្រាក់ខែដែរ កុំសូវមើលស្រាលគេពេក»

សម្តេចតេជោ បានឱ្យដឹងផងដែរ នាពេលខាងមុន រាជរដ្ឋាភិបាល នឹងចំណាយថវិកា ដើម្បីផ្តល់វគ្គ បណ្តុះបណ្តាល ឬការវ៉ឹកហាត់ ​ដល់និយោជិតប្រមាណ១លាន៥សែននាក់ ជាពិសេសអ្នកធ្វើការ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

​សម្តេចមានប្រសាសន៍ទៀតថា៖ «យើងត្រូវយកចិត្តទុកដាក់ជំរុញបន្តទៀត លើកទឹកចិត្តឱ្យស្រ្តីទទួល បាននូវការបណ្តុះបណ្តាល បើមិនទទួលបានការលើកទឹកចិត្តនៅក្នុងប្រព័ន្ធទេ ក៏ទទួលបាននូវការ បណ្តុះបណ្តាលក្រៅប្រព័ន្ធ រាជរដ្ឋាភិបាល នឹងចេញប្រាក់ដើម្បីវ៉ឹកហាត់ជាមួយនឹងអ្នកដែលគ្មាន ធនធានចំនួន១លាន៥សែននាក់ នៅពេលខាងមុខ ដែលក្នុងនោះ អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅ ប្រព័ន្ធចំនួនច្រើន នឹងត្រូវចូលរៀននៅទីនោះ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូច ជាស្ថាប័នពាក់ព័ន្ធដទៃទៀត រាប់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺធ្វើការវ៉ឹកហាត់ទាក់ទង នឹងជំនាញដូនតាដែលបានបន្សល់ទុកឱ្យយើង។»

សម្តេចតេជោ បានកត់សម្គាល់ផងដែរ ចំនួនសិស្សស្រីដែលចូលប្រឡងមធ្យមសិក្សាទុតិយភូមិ ​មានច្រើនជាងសិស្សប្រុស ​​និងចំនួននិស្សិតស្រី ដែលចូលរៀន និងប្រឡងបរិញ្ញា​បត្រមានចំនួន ច្រើនជាងនិស្សិតប្រុសផងដែរ។ បើទោះបីជាចាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន ស្រ្តីបានថយចុះជាងនិស្សិតប្រុសក៏ពិតមែន តែយ៉ាងណាតួលេខស្រ្តីដែលរៀនដល់ថ្នាក់បណ្ឌិត បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីមុនមានត្រឹមតែ១០% ​​ខណៈបច្ចុប្បន្ននេះ កើនឡើង រហូតដល់ជិត៤០%៕