លោក ហ្សេលេនស្គី ថារុស្ស៉ីកំពុងគេចពីទណ្ឌកម្មស្ដីពីអាវុធ


 (កៀវ)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ បាននិយាយថា រុស្ស៉ីកំពុងប្រើប្រាស់បណ្តាញអ្នកផ្គត់ផ្គង់មួយ ដើម្បី គេចវេសពីទណ្ឌកម្មអន្តរជាតិ ដែលកំណត់គោលដៅរារាំងទីក្រុងមូស្គូពីការផលិតមីស៉ីល និងអាវុធផ្សេងទៀត។

នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានលើកឡើងដោយមិនបញ្ចេញឈ្មោះប្រទេស ឬក្រុមហ៊ុនដែលកំពុងជួយរុស្ស៉ី ក្នុងការទទួលបានបច្ចេកវិទ្យា ផលិត ជាមួយនិងការសង្កត់ធ្ងន់ លើការផលិតមីស៉ីល។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ជាអកុសល រដ្ឋភេរវករ (រុស្ស៉ី) អាចប្រើប្រាស់បច្ចេកវិទ្យារបស់ ពិភពលោកតាមរយៈបណ្តាញផ្គត់ផ្គង់ ដើម្បីជៀសផុតពីទណ្ឌ កម្មអន្តរជាតិ»។ លោក ហ្សេលេនស្គី បានបន្ថែមថា អ៊ុយក្រែនបានដឹងយ៉ាងច្បាស់អំពីកិច្ចខិតខំ ប្រឹងប្រែងទាំងអស់របស់រុស្ស៉ី ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម ហើយស្វែងរកការផលិតប្រភេទ មីស៉ីលដែលពិភពលោកគ្មាន៕