អាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូននាវាចម្បាំងមកកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក នៅឆ្នាំក្រោយ បន្ទាប់ពីធ្លាប់ធ្វើយ៉ាងដូច្នោះ កាលពីឆ្នាំ២០២១


 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) នៅថ្ងៃអាទិត្យនេះ បាននិយាយថា ប្រទេសរបស់លោក នឹងបញ្ជូននាវាយោធាចំនួន២គ្រឿង មកកាន់ តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅឆ្នាំ២០២៤ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងចិននិងតៃវ៉ាន់ និង​ជុំវិញបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។

ថ្លែងកំលុងវេទិកាសន្តិសុខតំបន់អាស៉ី Shangri-La Dialogue នៅឯប្រទេសសិង្ហបុរី លោក ភីស្តូ រៀស បានលើកឡើងថា បណ្តាប្រទេសនានាត្រូវតែក្រោកឈរឡើង ដើម្បីសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើក្បួនច្បាប់ ព្រមទាំងដើម្បីការការពារច្រកផ្លូវឆ្លងកាត់សំខាន់ៗតាមដែនសមុទ្រ។ លោកប្រមុខការពារជាតិអាល្លឺម៉ង់ បាននិយាយដូច្នេះថា «ដើម្បីគោលដៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជូននាវាចម្បាំងប្រភេទ frigate ១គ្រឿង មកកាន់ឥណ្ឌូប៉ាស៉ីហ្វិកកាលពីឆ្នាំ២០២១ ហើយនឹង បញ្ជូននាវាយោធាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ដោយលើកនេះគឺនាវាចម្បាំងប្រភេទ frigate ១គ្រឿង រួមជាមួយនាវាយោធាប្រភេទផ្គត់ផ្គង់១គ្រឿង មកកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក»

លោក ភីស្តូរៀស បានបន្ថែមថា គម្រោងចល័តនាវាយោធាទាំង២គ្រឿងខាងលើ ពុំមានគោលដៅ ប្រឆាំងប្រទេសណាមួយឡើយ។ បើតាមការអះអាងរបស់លោក សកម្មភាពនោះគឺដើម្បីការពារ សណ្តាប់ធ្នាប់អន្តរជាតិ ដែលប្រទេសទាំងអស់បានយល់ព្រមគោរពតាម ហើយគួរតែទទួលបាន អត្ថប្រយោជន៍ពីវា មិនថានៅសមុទ្រមេឌីទែរ៉ាណេ ឆកសមុទ្របង់ហ្កាល់ ឬនៅសមុទ្រចិនខាងត្បូង នោះឡើយ៕