(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែ មិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រុមមន្ត្រីយោធាអាមេរិក បានឱ្យដឹងថានាវាចម្បាំងចិនមួយ គ្រឿង បានធ្វើដំណើរចូលមកក្បែរនៅចម្ងាយ ១៣៧ម៉ែត្រ ពីនាវាពិឃាដអាមេរិក នៅតំបន់ច្រក សមុទ្រតៃវ៉ាន់ ក្នុងសកម្មភាពប្រកបដោយគ្រោះថ្នាក់ ខណ:ទីក្រុងប៉េកាំងបានចោទសហរដ្ឋ អាមេរិកវិញថាមានចេតនាបង្កហេតុក្នុងតំបន់។
បើតាមក្រុមមន្ត្រីអាមេរិក នាវាចម្បាំងអាមេរិក និងកាណាដា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានដឹកនាំការធ្វើសមយុទ្ធរួមគ្នាដ៏កម្រមួយនៅក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់។ នៅពេលជាមួយគ្នានោះដែរ ស្រាប់តែមាននាវាចម្បាំងចិនមួយគ្រឿងបានធ្វើដំណើរកាត់ពីមុខ នាវាពិឃាដអាមេរិកប្រដាប់ដោយ មីស៊ីល ជុងហ៊ូន (Chung-Hoon) ជាហេតុបង្ខំឱ្យនាវាពិឃាដនេះ ត្រូវបន្ថយល្បឿន ដើម្បីបញ្ចៀសការបុកទង្គិចគ្នា។
ប៉ុន្តែ ខាងភាគីចិន បានបន្ទោសសហរដ្ឋអាមេរិក និងកាណាដា ថាមានចេតនាបង្កហេតុ ក្រោយ នាវាចម្បាំងនៃប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នាដោយ ធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃ វ៉ាន់៕