(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការស្ពានបេតុង០១ខ្សែ មានទទឹង៨ម៉ែត្រ បណ្តោយ ៩៨ម៉ែត្រ និងផ្លូវបេតុង០១ខ្សែ តភ្ជាប់សងខាង ស្ពាន ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លោកស្រី ជាអភិបាលរង អភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះនៅមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំង ប្រជាពលរដ្ឋ កងកម្លាំងទាំងបីប្រភេទ ប្រមាណជាង៥០០នាក់ ចូលរួមយ៉ាងច្រើនកុះករ។
សមិទ្ធផលដែលបានសម្ពោធឲ្យប្រើប្រាស់នៅក្នុងថ្ងៃនេះ ជាអំណោយរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមមាន៖ ស្ពានបេតុង០១ខ្សែ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែ (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងបានចំណាយ ថវិកា សាងសង់អស់ ១លាន៩ម៉ឺនដុល្លារ ក្រោមការគាំទ្រជាថវិការបស់លោកឧកញ៉ា អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវើឡូបមែន រួមជាមួយសហការី ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយបានដាក់បញ្ចូល ទៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល និងជាពិសេសផែនការយុទ្ធ សាស្ត្រអភិវឌ្ឍជាតិ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានខិតខំស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើន ខ្វាត់ខ្វែង ដូចសរសៃឈាម នៅពាសពេញផ្ទៃប្រទេស សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់ បន្ថយភាពក្រីក្រឲ្យកាន់តែថយចុះបន្ថែមទៀត និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើងជាលំដាប់៕