ផឹកស្រាស្រវឹងទាស់សម្ដីគ្នា បុរសជាសន្ដិសុខម្នាក់ វាយមន្ដ្រីនគរបាលទេសចរណ៍បណ្ដាលឲ្យស្លាប់ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ស្គាល់រាប់អានគ្នាជិត៥ឆ្នាំ បុរសជាសន្ដិសុខម្នាក់ បានទាស់សម្ដីគ្នាជាមួយមន្ដ្រីនគរបាលទេសចរណ៍ម្នាក់ ក្នុងវង់ផឹកស៉ីស្រាប់តែឈានដល់ការវាយតប់គ្នា ក៏បណ្ដាឲ្យបុរសជាមន្ដ្រីនគរបាលផ្ងារក្រោយបោកក្បាលនឹងកាំជណ្ដើរ របួសធ្ងន់ រហូតដល់ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រួសារបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារឈាមកកក្នុងខួរក្បាល។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះជាមន្ដ្រីនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ស័ក្ដិ៣ ឈ្មោះ ស៉ិន កំសត់ អាយុ៤៨ឆ្នាំ។ ដោយឡែក ជនសង្ស័យជាសន្ដិសុខឈ្មោះ កង សារ៉ាត់ឆាលី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ដើមឡើងមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យនាំគ្នាផឹកស្រាបៀរ ក្រោយមកក៏មានទំនាស់ពាក្យសម្តីគ្នា រួចក៏មានការវាយប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះដួលផ្ងាទៅក្រោយ បោកក្បាលលើកាំជណ្តើរដែកក្នុងបន្ទប់ជួលជនរងគ្រោះសន្លប់បាត់ស្មារតី រួចជនសង្ស័យគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃក៏ទទួលមរណៈភាព។ លុះដល់ម៉ោង០២៖០០នាទី ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

លុះមកដល់ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គ្រូពេទ្យបានប្រាប់គ្រួសារជនរងគ្រោះគ្មានសង្ឃឹមទេ ដោយរបួសធ្ងន់កកឈាមនៅក្នុងខួរក្បាល ហើយគ្រួសារបានយករថយន្តសង្រ្គោះដឹកយកជនរងគ្រោះមកផ្ទះវិញទើបស្លាប់នៅផ្ទះសង្កាត់និរោធ ខណ្ឌច្បារអំពៅ រួចរាយការណ៍មកអាជ្ញាធរទើបចុះពិនិត្យកោសល្យវិច្ឆ័យ ពិនិត្យលើមុខរបួសផ្នែកជនរងគ្រោះក្បាលពីខាងក្រោយប៉ះទង្គិចធ្ង់នពេក ទើបបណ្ដាលឲ្យស្លាប់៕