ក្ដីបារម្ភផ្នែកសេដ្ឋកិច្ច ធ្វើឱ្យតម្លៃប្រេងស្ថិតក្រោម ៩០ដុល្លារក្នុងមួយបារ៉ែល នៅឆ្នាំ២០២៣នេះ

(ក្រុងឡុងដ៍)៖ ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញកាលពីថ្ងៃពុធថា តម្លៃប្រេងនឹងកើនឡើងពីកម្រិតបច្ចុប្បន្ន ខណៈក្រុមប្រទេសផលិតប្រេងរបស់អង្គការ OPEC+ រក្សាការរឹតបន្តឹងលើការផ្គត់ផ្គង់ ប៉ុន្តែការធ្លាក់សេដ្ឋកិច្ចនឹងរក្សាប្រេងឱ្យស្ថិតនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ។

ការស្ទង់មតិមួយទៅលើសេដ្ឋវិទូ និងអ្នកវិភាគចំនួន ៤៣នាក់បានព្យាករថា ប្រេងឆៅប្រភេទ Brent នឹងមានតម្លៃជាមធ្យម ៨៤,៧៣ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២៣ ធ្លាក់ចុះពីចំនួន ៨៧,១ដុល្លារក្នុងខែមេសា និងតម្លៃបច្ចុប្បន្នប្រហែល ៧៣ដុល្លារ។

អ្នកវិភាគភាគច្រើនរំពឹងថា ប្រេងឆៅនឹងជួញដូរនៅជុំវិញតម្លៃ ៨០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដោយក្រុមហ៊ុនទិន្នន័យនិងវិភាគ Kpler បានកត់សម្គាល់ថា «ការព្រួយបារម្ភផ្នែកម៉ាក្រូសេដ្ឋកិច្ចគឺជាកត្តាជំរុញដ៏សំខាន់នៃតម្លៃប្រេងឆៅនៅឆ្នាំនេះ»

តម្លៃប្រេងគោលពិភពលោកជាមធ្យមថ្លៃប្រហែល ៨០,៩៥ដុល្លារក្នុងមួយបារ៉ែលរហូតមកដល់ពេលនេះនៅឆ្នាំនេះ។

ប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកត្រូវបានរំពឹងថានឹងមានតម្លៃជាមធ្យម ៧៩,២ក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២៣នេះធ្លាក់ចុះពីចំនួន ៨២,២៣ដុល្លារកាលពីខែមុន។

លោក Matthew Sherwood អ្នកវិភាគទំនិញប្រចាំក្រុមហ៊ុន EIU បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការព្រួយបារម្ភជុំវិញការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដ៏រឹងមាំ ការក្ស័យធនរបស់ធនាគារនៅសហរដ្ឋអាមេរិក ហានិភ័យនៃការបរាជ័យសងបំណុលរបស់សហរដ្ឋអាមេរិក និងលទ្ធផលសេដ្ឋកិច្ចមិនមានតុល្យភាពរបស់ប្រទេសចិនបានដាក់កម្រិតដល់ការកើនឡើងនៃទីផ្សារ ទោះបីជាប្រេងធ្លាក់ចូលទៅក្នុងឱនភាពក្នុងឆមាសទីពីរឆ្នាំនេះក៏ដោយ។

អ្នកវិភាគមួយចំនួនបាននិយាយថា ការកាត់បន្ថយផលិតកម្មបន្ថែមទៀតដែលអាចកើតមានពីសំណាក់អង្គការ OPEC+ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី៤ ខែមិថុនានៅទីក្រុងវីយែន អាចផ្តល់ការគាំទ្រដល់តម្លៃប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕