ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត ២ម៉ឺននាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើង​នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្តី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅឃុំផ្សារ​ដែក ស្រុកពញាឮ ខេត្តកណ្តាល មួយដងរួចមកហើយកាលពីឆ្នាំ២០១៨ ដែលមាន កម្មករ និយោជិតចូលរួមចំនួន ១៥,៦០៦នាក់ មកពី ២២រោងចក្រ នៅក្នុងខេត្ត កណ្តាល។

លោក អ៉ិត សំហេង ក៏បានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាល​នៅថ្ងៃស្អែកនេះ មាន​កម្មករ និយោជិតសរុបចំនួន ១៧,៣០៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៩ ក្នុងនោះ មកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន ១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩,៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន ៤រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១,៥៦៥នាក់, និងខេត្តកំពង់ឆ្នាំង ចំនួន ២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦,២៧៤នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើង​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី ១៩ហិកតា បានបោះទុនវិនិយោគចំនួន ៨លាន​ដុល្លារអាមេរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរ​ការ គឺរោងចក្រ ផៅវ៉រ៉ហ៊្វុល រីចឈីស ហ្គាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និងរោងចក្រវាយអ៊ុន ធិច ឯ.ក (YNTEX CO., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២,៨៣៣នាក់។

ដោយឡែករោងចក្រ សហគ្រាស ចំនួន ១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់​ដេរ​សម្លៀកបំពាក់ចំនួន៨, ផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន៥, ផលិត និងផ្ដុំ ដំឡើងបន្ទះសូឡាចំនួន ២ និងផលិតស្បែកជើងចំនួន២។ ផលិតផល​របស់រោង​ចក្រ​ទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

បើតាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺន​នាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់។

ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សា បានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយ ជាងពីរទស្សវត្សរ៍ លើកលែងតែក្នុងអំឡុង​ដំណាក់កាលន ការរីករាលដាលជំងឺកូវីដ-១៩ ស្ថានភាពទីផ្សារការងារនៅកម្ពុជា​មានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។

បច្ចុប្បន្នសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករ និយោជិតចំនួន ១,៥លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ៦៤ ដែលមានកម្មករនិយោជិត ប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាម៉េរិក។

នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរ បានកើនដល់ចំនួន ១,៣២៦ ដែលមាន​កម្មករនិយោជិតចំនួនប្រមាណ

នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរ បានកើនដល់ចំនួន ១,៣២៦ ដែលមាន​កម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់) ការនាំចេញមានរហូត​ដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២) ដែលក្នុងនោះ នៅរាជធានី​ភ្នំពេញ​មានចំនួន ៧២៧រោងចក្រ មានកម្មករនិយោជិតចំនួនប្រមាណ ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)។

បើសរុបនៅត្រឹមឆ្នាំ២០២៣ នេះ រោងចក្រសហគ្រាស មានចំនួនសរុបជាង ១៧, ០០០ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួនប្រមាណ ១,៥លាននាក់។

ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងឱកាសការងារនិងមុខរបរ ឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជុំទី១ ជាមួយកម្មករ​និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់ និងបានផ្តល់អនុសាសន៍ចំនួន ១០ចំណុច។

ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ការសំណេះសំណាលត្រូវបានផ្អាករហូត​ដល់ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានចុះសំណេះសំណាលជុំទី២ ហើយមកដល់ថ្ងៃស្អែកនេះ បានចំនួន ៤លើក ដែលមានកម្មករនិយោជិតសរុប​ចំនួន​ប្រមាណ ៧ម៉ឺន ៩ពាន់នាក់ និងនៅសល់កម្មវិធីបន្តចំនួន ១៥លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ២៦ម៉ឺននាក់ទៀត៕