(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាប្រទេសស៊ុយអែត នឹងក្លាយជាសមាជិកបក្សសម្ព័ន្ធ យោធា NATO ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកបានលើកឡើងពីលទ្ធភាពដែលតួកគីអាចនឹងទម្លាក់ចោលការវ៉េតូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយចេញពីរដ្ឋ Colorado និងក្រោយពីលោកផ្ទាល់បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ប្រធានាធិបតីតួកគី អឺដូហ្កាន់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ បើតាមលោក បៃដិន លោក អឺដូហ្កាន់ ដែលទើបតែទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីតួកគី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានបញ្ជាក់ឡើងវិញពីបំណងរបស់ទីក្រុងអង់ការ៉ា ដើម្បីទិញយន្ដហោះចម្បាំង F-16 ពី សហរដ្ឋអាមេរិក ខណៈលោក បៃដិន បានជំរុញឱ្យទីក្រុងអង់ការ៉ាទម្លាក់ចោលការវ៉េតូជំទាស់នឹងសមាជិកភាពរបស់ស៊ុយអែត ក្នុង NATO។
នៅក្នុងសុន្ទរកថាដដែលនោះដែរ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «បក្សសម្ព័ន្ធយោធា NATO នឹងកាន់តែរឹងមាំក្រោយការទទួលយកហ្វាំងឡង់ កាលពីពេលថ្មីៗនេះ ហើយស៊ុយអែតនឹងក្លាយជាសមាជិកឆាប់ៗនេះ។ វានឹងកើតឡើង ខ្ញុំសន្យាចំពោះអ្នកទាំងអស់គ្នា»។ ប៉ុន្តែ លោក បៃដិនមិនបាន បញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ៕