សហរដ្ឋអាមេរិក អំពាវនាវឱ្យ UN បើកកិច្ចប្រជុំ ស្ដីពីការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពី ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

កូរ៉េខាងជើង កាលពីថ្ងៃពុធកន្លងទៅ បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់ខ្លួន ប៉ុន្តែបានបរាជ័យដោយកំណាត់ទី២ នៃគ្រាប់រ៉ក្កែត និងផ្កាយរណបបានធ្លាក់ចូលទឹកសមុទ្រ។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដ៏សំខាន់ទាំង២ គឺកូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសការបាញ់បង្ហោះ ផ្កាយរណបនេះ ដោយចោទថាបានបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដ្បិតប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគ ព្រមទាំងបង្កអស្ថិរភាពនៅទូទាំងតំបន់ទាំងមូល។

លោក Nate Evans ជាអ្នកនាំពាក្យបេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឱ្យដឹងថាសហរដ្ឋអាមេរិកបានអំពាវនាវឱ្យបើកកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង។ ចំណែក ជប៉ុន ម៉ាល់តា ចក្រភពអង់គ្លេស អាល់បានី អេក្វាទ័រ និងបារាំង ក៏បានគាំទ្រការអំពាវនាវនេះដែរ៕