(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជនដែលមានអាយុចាប់ពី៣ឆ្នាំឡើង។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹកជម្រាប ជូនសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ប្រទេសកម្ពុជាកំពុងបន្តផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចតទៅ៖
* ចំពោះកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយសូមអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញបន្តបន្ទាប់ទៀត ជូនដល់ក្រុមអាយុនេះ សូមរង់ចាំការជូនដំណឹងជាថ្មីពី គ.វ.ក-១៩។
* ចំពោះកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយសូមអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ឬដូសជំរុញបន្តបន្ទាប់ទៀត ជូនដល់ក្រុមអាយុនេះ សូមរង់ចាំការជូនដំណឹងជាថ្មីពី គ.វ.ក-១៩។
* ចំពោះប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូស (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ សូមរួសរាន់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ដូសទី៥ ឬដូសទី៦ ឱ្យបានគ្រប់ៗគ្នា។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៧ ឬដូសជំរុញបន្តបន្ទាប់ទៀត ជូនដល់ក្រុមអាយុនេះ សូមរង់ចាំការជូនដំណឹងជាថ្មីពី គ.វ.ក-១៩។
ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រប់ក្រុមអាយុដែលបានរៀបរាប់ជូនខាងលើ គឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំង២៥ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូន។
ជាមួយគ្នានេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សូមអំពាវនាវដល់ពុក ម៉ែ បង ប្អូន ក្មួយៗ ប្រជាពលរដ្ឋ គ្រប់ក្រុមអាយុទាំងអស់ចាប់ពី៣ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញដូចបានរៀបរាប់ខាងលើសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) ដូសទី៣ ដូសទី៤ ដូសទី៥ ឬដូសទី៦តាមក្រុមអាយុ ឱ្យបានគ្រប់ៗគ្នាជាមួយនឹងការបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ទៅ តាមសភាពជាក់ស្ដែង និងការវាយតម្លៃត្រឹមត្រូវ ដើម្បីបង្កើនភាពស៊ាំបុគ្គល និងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ សារជាថ្មីនាពេលខាងមុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕