(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនឹងពន្យារកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប (EU) ខណៈពេលដែលប្រទេសទាំងពីរស្វែងរកការប្រព្រឹត្តិដោយយុត្តិធម៌ សម្រាប់ក្រុមហ៊ុនផលិតប្រេងដូងខ្នាតតូច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រងសេចក្តីរាយការណ័របស់សារព័ត៌មាន Financial Times ដែលបានរាយការណ៍កាលពីថ្ងៃពុធថា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Fadillah Yusof បាននិយាយថា ច្បាប់ដែលអនុម័តនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុបដែលហាមប្រាមការនាំចូលផលិតផលដែលបានមកពីដីកាប់រានព្រៃឈើគឺជា «ការប្រព្រឹត្តបែបទោសទណ្ឌ និងអយុត្តិធម៌ចំពោះយើង និងជាពិសេសចំពោះក្រុមហ៊ុនផលិតប្រេងដូចតូចតាច»។
កាសែត FT បានរាយការណ៍ទៀតថា លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា គោលនយោបាយនេះបានអនុគ្រោះដល់ «សាជីវកម្មធំៗ ឬអន្តរជាតិ» ដែលអាចមានលទ្ធភាពបំពេញតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់នេះ។
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីកាលពីដើមខែនេះ បានបញ្ជូនមន្ត្រីកំពូលទៅកាន់សហភាពអឺរ៉ុប ដើម្បីសម្តែងការព្រួយបារម្ភចំពោះច្បាប់កាប់បំផ្លាញព្រៃឈើ ដែលពួកគេជឿថាអាចបង្កគ្រោះថ្នាក់ដល់អាជីវកម្មកសិកម្មខ្នាតតូច។
ប្រទេសទាំងពីរគឺជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំណែកប្រហែល ៨៥ភាគរយនៃការនាំចេញប្រេងដូងពិភពលោក។ សហភាពអឺរ៉ុបគឺជាទីផ្សារធំទីបីរបស់ពួកគេ។
ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុបក៏នឹងហាមឃាត់ការនាំចូលទៅក្នុងប្លុកនូវកាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងទៀត លុះត្រាតែក្រុមហ៊ុននាំចូលអាចផ្តល់ព័ត៌មាន «ដែលអាចផ្ទៀងផ្ទាត់បាន» ថាផលិតផលទាំងនោះមិនត្រូវបានដាំដុះឬផលិតនៅលើដីដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព៌ត៌មានរ៉យទ័រ៕