តុលាការកំពូលប្រេស៉ីល កាត់ទោសអតីតប្រធានាធិបតី លោក Collor ដាក់ពន្ធនាគារ ពីបទពុករលួយ

(ប្រាស៊ីលីយ៉ា)៖ តុលាការកំពូលរបស់ប្រទេសប្រេស៉ីល បានបោះឆ្នោតកាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីកាត់ទោសអតីតប្រធានាធិបតី លោក ហ្វឺរណាន់ដូ ខូឡូ ដេ ម៉េលឡូ (Fernando Collor de Mello) ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ និង១០ខែ ពីបទប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ការិយាល័យរដ្ឋអាជ្ញាប្រេស៉ីល បានចោទប្រកាន់លោក ខូឡូ អាយុ ៧៣ឆ្នាំ ថាបានទទួលសំណូកប្រហែល ៦លានដុល្លារពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុនប្រេង ដែលគ្រប់គ្រងដោយរដ្ឋ គឺក្រុមហ៊ុនផេត្រូប្រាស់ (Petrobras)។ បន្ទាប់ពីមានការកាត់ទោសនេះ លោក ខូឡូ ផ្ទាល់មិនអាចទាក់ទងដើម្បី សុំការអត្ថាធិប្បាយបាននោះទេ។ មេធាវីការពារក្តីរបស់លោក ខូឡូ និយាយថា លោក ខូឡូ មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ ហើយបានបង្ហាញពី ទំនុកចិត្តថាលោកនឹងត្រូវបានដោះលែង៕