តួកគី នឹងមិនចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស NATO នោះទេ, នេះបើតាមស៊ុយអែត

(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក ថូប៊ីស ប៊ីលស្រ្តូម (Tobias Billstrom) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោក ម៉េវលុត កាវ៉ូសូគ្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីការបរទេសតួកគី នឹងមិនចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ (NATO) ដែលគ្រោងរៀបចំឡើងនៅទីក្រុងអូស្លូ នៃប្រទេសន័រវែស ក្នុងសប្តាហ៍នេះទេ ខណៈអវត្តមានរបស់តួកគីបានន័យថា ដំណើរការផ្តល់សច្ចាប័នសម្រាប់សមាជិកភាពស៊ុយអែតក្នុងអង្គការណាតូ មិនមានការរីកចម្រើននោះទេ។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ដំណើរការចូលទៅក្នុងបក្សសម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកដែលមានស្រាប់ទាំងអស់។ តួកគី បានយល់ព្រមរួចហើយលើសមាជិកភាពរបស់ហ្វាំងឡង់ កាលខែមីនា បន្ទាប់ពីទីក្រុងហែលសិនគី បានអនុម័តច្បាប់ប្រឆាំងអំពើភេរវកម្មដ៏តឹងរ៉ឹង ខណៈលោក ប៊ីលស្រ្តូម និយាយថា ច្បាប់ស្រដៀងគ្នាដែលនឹងចូលជាធរមាននៅស៊ុយអែតក្នុងសប្តាហ៍នេះ គួរតែអាចបំពេញតាមការទាមទាររបស់ ទីក្រុងអង់ការ៉ា។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសណាតូ នៅទីក្រុងអូស្លូក្នុងសប្តាហ៍នេះ គឺជាឱកាសរដ្ឋមន្រ្តីការបរទេសស៊ុយអែត និងរដ្ឋមន្រ្តីការបរទេសតួកគី ជួបគ្នាដើម្បីពិនិត្យមើលថាតើច្បាប់ថ្មីរបស់ស៊ុយអែតគឺគ្រប់គ្រាន់ សម្រាប់ទីក្រុងអង់ការ៉ាដើម្បីដកវេតូរបស់ខ្លួនឬអត់៕