សេតវិមាន ថាសហរដ្ឋអាមេរិក មិនដឹងឡើយ នរណានៅពីក្រោយការវាយប្រហារលើទីក្រុងមូស្គូ

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថារដ្ឋបាលលោក បៃដិន ពិតជាមិន ដឹងនោះទេថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន លើទីក្រុងមូស្គូ កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

បើតាមលោក John Kirby សហរដ្ឋអាមេរិកមិនមានព័ត៌មានច្បាស់ការថាតើនរណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើអគារអាផាតធឺមិន ក្នុង សង្កាត់អ្នកមាន នៃទីក្រុងមូស្គូឡើយ រីឯអ៊ុយក្រែនក៏បានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះរួចហើយដែរ។ ដោយឡែក នៅពេល ត្រូវបានសាកសួរថាតើការវាយប្រហារនេះជាផ្នែកមួយនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែរឬក៏យ៉ាងណា? លោក Kirby បានបញ្ជាក់ថាវាគឺអាស្រ័យលើ យោធាអ៊ុយក្រែនជាអ្នកពន្យល់ថាតើពេលណា ហើយប្រតិបត្តិការវាយលុករបស់ពួកគេចាប់ផ្ដើមយ៉ាងដូចម្ដេច។ «យើងមិនបានប្រាប់ពួកគេ (អ៊ុយក្រែន) ពីទីតាំងដែលត្រូវវាយប្រហារនោះទេ ហើយក៏មិនគាំទ្រការវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះដែរ»។ នេះជាការបន្ថែមរបស់លោក John Kirby៕