(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្សុ ហាម៉ាដា (Yasukazu Hamada) នៅថ្ងៃព្រហស្បតិ៍នេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ថាលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បន្ទាប់ពី ការបាញ់បង្ហោះផ្កាយរណបដោយបរាជ័យរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់លោក អូស្ទីន ក្នុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ លោក ហាម៉ាដា បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវការការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងរវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈវាអាចទៅរួចថាកូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបជាថ្មីម្ដងទៀត»។ ចំណែក លោក អូស្ទីន ក៏បានប្រាប់លោករដ្ឋមន្ត្រីការពារជាតិជប៉ុនវិញដែរថាលោកក៏ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ក្នុងនោះមាន ទាំងកូរ៉េខាងត្បូង និងអូស្រ្តាលី ខណៈកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលលោកផ្ទាល់អះអាងថាបង្កឡើងដោយចិន និងរុស្ស៉ី៕