(យូអិន)៖ អ្នកនាំពាក្យប្រមុខអង្គការសហប្រជាជាតិម្នាក់ នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់ប្រទេស មីយ៉ាន់ម៉ា នឹងលាលែងពីតំណែងនៅក្នុងខែមិថុនានេះ បន្ទាប់ពីបានបំពេញការងារអស់រយៈពេល១៨ខែ ក្រោមការរិះគន់យ៉ាងខ្លាំងទាំងពីសំណាក់របបសឹក និងក្រុម អ្នកប្រឆាំងនឹងរបបសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។
មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាច កាលពី ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ។ ចាប់តាំងពីនោះមកដែរ អង្គការសហប្រជាជាតិ និងអាស៊ាន បានប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់វិបត្តិក្នុង ប្រទេសអាស៊ីអាគ្នេយ៍នេះដែរ តែមិនបានទទួលលទ្ធផលផ្លែផ្កាអ្វីនោះទេ។
បើតាមអ្នកនាំពាក្យប្រមុខ UN លោក ស្ទេហ្វាន ឌូហ្សារីគ (Stephane Dujarric) លោកស្រី ណូលីន ហេស័រ (Noeleen Heyzer) ដែលត្រូវបានតែងតាំងជា បេសកជនពិសេសរបស់លោកអគ្គលេខាធិការ Antonio Guterres កាលពីខែតុលា ឆ្នាំ២០២១ នឹងបញ្ចប់ភារកិច្ចរបស់លោកស្រី នៅថ្ងៃទី១២ ខែមិថុនា នៅពេល កិច្ចសន្យាការងាររបស់លោកស្រីត្រូវបញ្ចប់ ខណៈបេសកជនពិសេសថ្មីនឹងត្រូវបានតែងតាំង។