(ភ្នំពេញ)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចម្រុះ ដែលរួមមានតំណាងក្រសួងផែនការ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, មូលនិធិជាតិជំនួយសង្គម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តយុទ្ធនាការកំណត់អត្តសញ្ញាណ និងផ្ដល់ និងផ្ទៀងបណ្ណសមធម៌ (បណ្ណក្រីក្រ) ជូនក្រុមគ្រួសារដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងខេត្តសៀមរាប ដើម្បីឱ្យពួគគាត់អាចទទួលបានអត្ថប្រយោជន៍នានា ពីបណ្ណសម៌នេះបានទាន់ពេល។
ក្នុងឱកាសនោះលោក រស់ សីលវ៉ា បានសាកសួរ និងផ្ដល់ព័ត៌មានលម្អិតបន្ថែម អំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍នៃបណ្ណសមធម៌។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ដោយមានការចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ លើសុខទុក្ខរបស់ពលរដ្ឋទាំងអស់ ជាពិសេស ក្រុមគ្រួសារដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ និងតាមមាត់ស្ទឹងសៀមរាប, ក្រុមប្រឹក្សាជាតិគាំពារសង្គមដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានសម្របសម្រួល និងតម្រង់ទិសរួមលើការងារគាំពារសង្គម យ៉ាងសកម្ម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្លាស់ប្ដូរមករស់នៅ នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ទទួលបានការគាំពារពីប្រព័ន្ធគាំពារសង្គម ជាពិសេសអាចទទួលបានការឧត្តម្ភសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ការបិទបញ្ជប់នូវកម្មវិធីនេះ ក៏ដូចជាប្រាក់ឧត្តម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម៕