(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គ្មានអ្វីជាប់ពាក់ព័ន្ធនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬរដ្ឋធម្មនុញ្ញនោះឡើយ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូន កម្ពុជាមានច្បាប់ទម្លាប់ គណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វី ជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ»។
បន្ថែមពីទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រា ទៅលើស្ថាប័នធម្មនុញ្ញ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើ ដល់អ្នកដែលមានបំណង ចង់ប្រមូលផ្ដុំប្រឆាំងការបោះឆ្នោត សូមកុំរញែរញៃ ជាមួយនឹងបាតុកម្ម ឬអ្វីផ្សេងៗ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានផ្ដល់សាររួចហើយ ហើយសារទី១នេះ នៅតែមានតម្លៃ ដោយមិនចាំបាច់ ចេញសារទី២នោះឡើយ។
ទន្ទឹមគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានប្រកាសចាប់យកទាំងអស់ អ្នកណាក៏ដោយ ដែលមិនបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចតេជោ បានថ្លែងថា អ្នកមានបំណងប្រមូលផ្តុំប្រឆាំងការបោះឆ្នោត នឹងត្រូវស្វាគមន៍ដោយគុក។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជី របស់ គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី៕