សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឲ្យបានផុលផុស ខណៈការរៀបចំពិធីបិទ និងបើកមិនចាញ់ស៉ីហ្គេមឡើយ

(ភ្នំពេញ)៖ ស្របពេលការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាន់ខិតជិតចូលមកដល់ហើយនោះ, នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យបានផុលផុស ដូចការប្រកួតកីឡាស៉ីហ្គេម។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការរៀបចំពិធីបើក និងបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺធ្វើឡើងមិនចាញ់ពិធីបើក និងបិទ ការប្រកួតកីឡាស៉ីហ្គេមនោះទេ ពោលទាំងផ្ទាំងទស្សនីយភាពនៃការសម្ដែង និងការបាញ់កាំជ្រួចជាដើមនោះ មានភាពអស្ចារ្យដូចគ្នា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលមានពិការភាពដោយសារបាត់បង់ភ្នែកម្ខាងព្រោះតែភ្លើងសង្គ្រាមនោះ បានចាត់ទុកថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋដើម្បីគាំទ្រការប្រកួតកីឡាជនពិការនោះ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ជនមានពិការភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សល់តែ៣ថ្ងៃទៀតទេ អាស៊ានប៉ារ៉ាហ្គេម នឹងមកដល់, ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គាំទ្រកីឡាពិការ ដែលជាការលើកទឹកចិត្តដ៏ធំមួយ សម្រាប់ពិការភាព […] ការបើក និងបិទ ធ្វើមិនឲ្យចាញ់ស៉ីហ្គេមទេទាំងការបាញ់កាំជ្រួច។ យើងលើកទឹកចិត្តជនពិការរបស់យើង យើងលើកទឹកចិត្តជនពិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីឲ្យពួកគេប្រឹងប្រែងឡើង»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ពិការគ្រាន់តែពិការរាងកាយប៉ុណ្ណោះ មិនពិការផ្លូវចិត្តនោះទេ ដូច្នេះសម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមគាំទ្រ។ ការចូលរួមគាំទ្រនេះ ក៏ជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងក្របខ័ណ្ឌអាស៊ាន ហើយក៏ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានផងដែរ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, រហូតមកទល់ពេលនេះ មានប្រតិភូបណ្ដាប្រទេសដែលត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម មួយចំនួនបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះមាន ហ្វីលីពីន និងឥណ្ឌូនេស៉ី (មកដល់ថ្ងៃនេះ ដោយប្រើប្រាស់យន្ដហោះពិសេសចំនួន២គ្រឿង) ដែលកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ត្រូវតែទទួលភ្ញៀវឲ្យបានល្អបំផុត។

ឆ្លងកាត់ភាពជោគជ័យល្អឥតខ្ចោះ នៃការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ដែលទើបបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើឲ្យអ្នកដែលពាក់ព័ន្ធក្នុងការរៀបចំត្រូវខិតខំប្រឹងប្រែងអនុវត្តឲ្យបានល្អ ខណៈប្រជាពលរដ្ឋក៏ត្រូវចូលរួមដូចគ្នាផងដែរ ពិសេសសុំការយោគយល់ការបញ្ចៀសចរាចរណ៍សម្រាប់គណៈប្រតិភូកីឡាបណ្ដាប្រទេសនានា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ចំពោះថវិកាដែលចំណាយលើការរៀបចំចំនួន១១៨លានដុល្លារ ទាំងស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺគ្រប់គ្រាន់ ប៉ុន្ដែបើត្រូវការបន្ថែមទៀតដើម្បីការរៀបចំសម្ដេចក៏ហ៊ានចំណាយផងដែរ។

ទាក់ទិននឹងការងារនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដណែនាំឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំការបញ្ចាំស្លាយសម្រាប់ប្រជាពលរដ្ឋទស្សនានៅតាមទីសាធារណៈផងដែរ គ្រាដែលពហុកីឡដ្ឋានមរកតតេជោ អាចផ្ទុកឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់បានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះសម្ដេចជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនទៀតចង់ចូលទស្សនាដោយផ្ទាល់ ដូច្នេះដើម្បីសម្រួលការងារនេះមានតែងបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

កម្ពុជាមានប្រតិភូកីឡាចូលរួមប្រកួតសរុប ៣៤៣នាក់ ក្នុងនោះអត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់៕